(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន១៦៦,៩៦៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន២៩,២៦៩ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន២,២៥៧ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន១០,២៤៣ករណី, ខេត្ត Phú Thọ ៦,៥៣៤ករណី និងខេត្ត Bắc Ninh ៦,៤១៧ករណី។

ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន៩៥នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន៦,១១២,៦៤៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៣,១៦៨,៥៧១នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន៤១,៣៨៥នាក់៕