(ល្វីវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន នៅក្នុងទីក្រុងល្វីវ (LVIV) នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថា មនុស្សយ៉ាងហោច ៩នាក់ បានស្លាប់ និង៥៧នាក់ រងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី លើមូលដ្ឋានយោធាអ៊ុយក្រែនមួយកន្លែង ក្នុងតំបន់យ៉ាវ៉ូរៀវ (Yavoriv) ស្ថិតនៅក្បែរ ពំ្រដែនប្រទេសប៉ូឡូញ ដែលជាសមាជិក NATO។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២។

បើតាមក្រុមមន្ត្រីអ៊ុយក្រែន គ្រូបង្វឹកបរទេសផ្នែកយោធាធ្លាប់បានបំពេញការងារនៅមូលដ្ឋានយោធាខាងលើ តែមិនមានការបញ្ជាក់ថាតើពួកគេ ស្ថិតនៅក្នុងមូលដ្ឋានយោធានេះ នៅពេលមានការវាយប្រហារ ឬក៏យ៉ាងណានោះទេ។ ចំណែកឯ រុស្ស៊ីក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីដែរ ឆ្លើយតប ទៅនឹងការអះអាងរបស់ក្រុមមន្ត្រីអ៊ុយក្រែន។

មូលដ្ឋានយោធាក្នុងតំបន់ Yavoriv គឺជាទីតាំងបណ្ដុះបណ្ដាលយោធាមួយដ៏ធំ ស្ថិតប៉ែកខាងលិចប្រទេសអ៊ុយក្រែន ហើយជាធម្មតាមូលដ្ឋាននេះ ជាកន្លែងធ្វើសមយុទ្ធរួមគ្នាជាមួយអង្គការ NATO និងស្ថិតនៅចម្ងាយប្រហែលជា ២៥ គីឡូម៉ែត្រពីព្រំដែននៃ ប្រទេសប៉ូឡូញ។

កាលពីថ្ងៃសៅរ៍ម្សិលមិញ ទីក្រុងម៉ូស្គូបានព្រមាថាខ្លួនអាចនឹង បើកការវាយប្រហារលើក្បួនដឹកអាវុធរបស់លោកខាងលិចទៅឱ្យអ៊ុយក្រែន ខណៈប៉ូឡូញត្រូវបានគេមើលឃើញថាជាច្រកយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការដឹកជញ្ជូនអាវុធ៕