(ប៉េកាំង)៖ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានបរទេសបានឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ អង្គការសុខភាពពិភពលោកបានស្នើឱ្យ អ៊ុយក្រែនកម្ទេចចោលសារធាតុបង្ករោគដ៏កាចសាហា វដែលស្តុកទុកក្នុងមន្ទីរពិសោធន៍សុខាភិបាលសាធារណៈនៃប្រទេសអ៊ុយក្រែនដើម្បីចៀសវាងកុំឱ្យមេរោគធ្លាយចេញក្នុងសង្រ្គាម និងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់សាធារណៈជន។

ទាក់ទិននឹងរឿងដែលនាពេលថ្មីៗកន្លងទៅនេះ ផ្នែកយោធារុស្ស៊ីបានបែកធ្លាយពីផែនការយោធាជីវសាស្ត្រ ដែលបានអនុវត្តក្នុងដែនអ៊ុយក្រែន ក្រោមការផ្តល់ជំនួយរបស់អាមេរិក សហគមន៍អន្តរជាតិមានការងឿងឆ្ងល់ថា តើអាមេរិកបាននិងកំពុងរៀបកលល្បិចសម្ងាត់អ្វីខ្លះ?

តាមការផ្សាយដំណឹងថ្មីបំផុតរបស់ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី១០ ខែមីនាបានឱ្យដឹងថា ឯកសារបានបង្ហាញថាអាមេរិក និងសម្ព័ន្ធមិត្ត នៃអង្គការណាតូបានធ្វើការសិក្សាស្រាវជ្រាវពីអាវុធជីវសាស្ត្រក្នុងប្រទេសអ៊ុយក្រែន ភាគីរុស្ស៊ីក៏បានអះអាងថាសកម្មភាពយោធាផ្នែកជីវសាស្រ្ត ដែលអាមេរិកធ្វើនៅអ៊ុយក្រែន វា «ស្រដៀងគ្នានឹងកងលេខ៧៣១ របស់ជប៉ុន ដែលបានវាយប្រហារលើប្រទេសចិន»

បើសិនជាដំណឹងនេះជាដំណឹងពិត នោះអាមេរិកចាំបាច់ត្រូវបកស្រាយឱ្យបានច្បាស់ថា តើគោលបំណងពិតប្រាកដរបស់គម្រោងនេះ គឺសំដៅលើអ្វី? អ្វីដែលធ្វើឱ្យអ្នកផងកាន់តែងឿងឆ្ងល់ គឺបន្ទាប់ពីប៉ុន្មានថ្ងៃមុនរុស្ស៊ីបានបែកធ្លាយពីដំណឹងពាក់ព័ន្ធ មន្ត្រីអាមេរិកជាច្រើនរូប ក៏បានបង្ហាញអាកប្បកិរិយាផ្ទុយគ្នា។ តាមការពិត មិនថាអាមេរិកចង់បិទបាំងតាមមធ្យោបាយណាក៏ដោយ ក៏ការសិក្សាស្រាវជ្រាវ និងភស្តុតាង ជាច្រើនសុទ្ធតែបានបញ្ជាក់ថា នៅទូទាំងពិភពលោក អាមេរិកបានគ្រប់គ្រងមន្ទីរពិសោធន៍ជីវសាស្ត្រចំនួនជាង ៣០០កន្លែង ក្នុងនោះគម្រោង ដែលជាគំរូនោះគឺគម្រោងយោធាជីវសាស្ត្រដែលអាមេរិកបានអនុវត្តនៅសាធារណរដ្ឋជាច្រើនរបស់អតីតសហភាពសូវៀត ដូចជាអ៊ុយក្រែនជាដើម។

អំឡុងពេលអាមេរិកអនុវត្តសកម្មភាពយោធាជីវសាស្ត្រនៅអ៊ុយក្រែន ប្រទេសអ៊ុយក្រែនបានកើតករណីឆ្លងជំងឺ «ខុសប្រក្រតី»មួយចំនួន។ កាលពីឆ្នាំ២០១៦ នៅទីក្រុង Kharkov របស់អ៊ុយក្រែន បានផ្ទុះការរីករាលដាលនៃជំងឺផ្ដាសាយជ្រូក បណ្តាលឱ្យទាហានអ៊ុយក្រែន២០នាក់ស្លាប់ និងជាង២រយនាក់ចូលដេកពេទ្យ។ នៅដើមឆ្នាំ២០២០ ខណៈពេលជំងឺកូវីដ១៩ចាប់ផ្តើមរីករាលដាល ឥស្សរជននយោបាយអ៊ុយក្រែនបាន ចោទសួរអាមេរិកថាមន្ទីរពិសោធន៍ជីវសាស្ត្រដ៏សម្ងាត់របស់អាមេរិកក្នុងដែនអ៊ុយក្រែនកំពុងធ្វើការងារអី?

ប្រឈមនឹងការចោទជាមន្ទិលសង្ស័យដ៏សមហេតុផលរបស់សហគមន៍អន្តរជាតិ អាមេរិកមិនអាចឆ្លើយតបបាន! ក្នុងនាមជាប្រទេសតែមួយគត់ នៅលើពិភពលោកដែលមានអាវុធគីមី ក្នុងរយៈពេល២០ឆ្នាំកន្លងមក អាមេរិកប្រឆាំងជាប់រហូតនូវការបង្កើតយន្តការត្រួតពិនិត្យពហុភាគីនៃ «អនុសញ្ញាហាមមិនឱ្យប្រើប្រាស់អាវុធគីមី» របស់អង្គការសហប្រជាជាតិ ហើយនេះគឺដោយសារមូលហេតុអ្វីដែរ?

ដោយគិតពិចារណាដល់សុខភាពរបស់ប្រជាជនសកល អង្គការសុខភាពពិភពលោកចាំបាច់ត្រូវចាត់ចែងអ្នកជំនាញអន្តរជាតិ ដើម្បីធ្វើ ការស៊ើបអង្កេតចំពោះមន្ទីរពិសោធន៍ជីវសាស្ត្ររបស់អាមេរិកនៅតំបន់នានាលើពិភពលោក ដូចជាអ៊ុយក្រែនជាដើម។ អាមេរិកចាំបាច់ត្រូវបំពេញ កាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ដើម្បីបំភ្លឺការពិតដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងទទួលការស៊ើបអង្កេតពហុភាគី៕