(ប៊ែរឡាំង)៖ ប្រមុខអង្គការ NATO លោក ជែន ស្ដូលធិនប៊ឺគ (Jens Stoltenberg) នៅថ្ងៃអាទិត្យនេះបាននិយាយថារុស្ស៊ីអាចនឹងប្រើប្រាស់ អាវុធគីមី នៅក្នុងសង្រ្គាមអ៊ុយក្រែន ហើយដែលទង្វើបែបនេះនឹងត្រូវបានចាត់ទុកជា «បទឧក្រិដ្ឋសង្រ្គាម»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២។

លោក ស្ដូលធិនប៊ឺគ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ វែល អាំ ហ្សុនថាក (Welt am Sonntag)។ ប្រមុខ NATO រូបនេះបានបញ្ជាក់ដូច្នេះថា «ប៉ុន្មានថ្ងៃចុងក្រោយនេះ, យើងបានឭពីការអះអាងពីមន្ទីរពិសោធន៍អាវុធគីមី និងអាវុធជីវសាស្ត្រ...តែយើង ត្រូវប្រុងប្រយ័ត្នបំផុត ព្រោះថាវាអាចទៅរួចដែលរុស្ស៊ីខ្លួនឯង អាចនឹងប្រើប្រាស់អាវុធគីមី នៅក្រោមការបង្កើតលេសមួយដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ខ្លួន»

គួរបញ្ជាក់ថា បើតាមលោក ស្ដូលធិនប៊ឺគ ទោះបីជាប្រជាជន និងកងទ័ពអ៊ុយក្រែន កំពុងតស៊ូប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីយ៉ាងខ្លាំងក្លាក៏ដោយ តែ ប៉ុន្មានថ្ងៃខាងមុខនឹងកាន់តែមានភាពលំបាក។ ដោយឡែក រុស្ស៊ី មិនទាន់បញ្ចេញប្រតិកម្មអ្វីទៅនឹងការលើកឡើងរបស់លោក ស្ដូលធិនប៊ឺគ នៅឡើយទេ ប៉ុន្តែទីក្រុងម៉ូស្គូធ្លាប់បានច្រានចោលការចោទប្រកាន់បែបនេះជារឿយៗ៕