(ល្វីវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន នៅក្នុងទីក្រុងល្វីវ (LVIV) នៅថ្ងៃអាទិត្យនេះបានអះអាងថា រុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសលើ មូលដ្ឋានយោធាអ៊ុយក្រែនមួយកន្លែង ក្នុងតំបន់យ៉ាវ៉ូរៀវ (Yavoriv) ស្ថិតនៅក្បែរពំ្រដែនប្រទេសប៉ូឡូញ ដែលជាសមាជិក NATO។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២។

បើតាមក្រុមមន្ត្រីអ៊ុយក្រែនដដែល ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីចំនួនអ្នកស្លាប់នោះទេ ប៉ុន្តែមនុស្សជាច្រើននាក់ត្រូវបានគេជឿជាក់ថា បានរងរបួស។ មូលដ្ឋានយោធាក្នុងតំបន់ Yavoriv គឺជាទីតាំងបណ្ដុះបណ្ដាលយោធាមួយដ៏ធំ ស្ថិតប៉ែកខាងលិចប្រទេសអ៊ុយក្រែន ហើយជាធម្មតាមូលដ្ឋាននេះជាកន្លែងធ្វើសមយុទ្ធរួមគ្នាជាមួយអង្គការ NATO និងស្ថិតនៅចម្ងាយប្រហែលជា ២៥ គីឡូម៉ែត្រពីព្រំដែននៃ ប្រទេសប៉ូឡូញ។

ជុំវិញការចោទប្រកាន់នេះដែរ, រុស្ស៊ីមិនទាន់បញ្ចេញប្រតិកម្មអ្វីទេ ប៉ុន្តែកាលពីថ្ងៃសៅរ៍ម្សិលមិញ ទីក្រុងម៉ូស្គូបានព្រមាថាខ្លួនអាចនឹង បើកការវាយប្រហារលើក្បួនដឹកអាវុធរបស់លោកខាងលិចទៅឱ្យអ៊ុយក្រែន ខណៈប៉ូឡូញត្រូវបានគេមើលឃើញថាជាច្រកយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការដឹកជញ្ជូនអាវុធ៕