(បាកដាដ)៖ មីស៊ីលជាច្រើនគ្រាប់ ត្រូវបានគេរាយការណ៍ថាបានធ្លាក់នៅក្បែរស្ថានកុងស៊ុលអាមេរិក ប្រចាំទីក្រុង អ៊ឺប៊ីល (Erbil) នៃតំបន់ស្វយ័ត ឃើដ ស្ថិតនៅភាគខាងជើងប្រទេសអ៉ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២។

បើតាមក្រុមមន្ត្រីអ៉ីរ៉ាក់ ការវាយប្រហារដោយគ្រាប់មីស៊ីលនៅថ្ងៃអាទិត្យនេះ មិនបានបង្កការខូចខាតដល់ស្ថានកុងស៊ុលអាមេរិកនោះទេ ហើយ ក៏មិនមានអ្នករងរបួស ឬក៏ស្លាប់នោះដែរ។ ក្រុមមន្ត្រីអ៉ីរ៉ាក់ដដែលបានបន្ថែមថាយ៉ាងហោចណាស់ មីស៊ីលប្រភេទបាលិស្ទីគ ១២គ្រាប់ បានវាយប្រហារលើទីក្រុង Erbil។

មកទល់នឹងពេលនេះ, មិនមានក្រុម ឬភាគីណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែ មន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះបានអះអាងថាអ៉ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារដោយគ្រាប់មីស៊ីលនេះ៕