(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានឱ្យដឹងថាកងទ័ពអ៊ុយក្រែនជាង ១,៣០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីរុស្ស៊ីបើកការវាយលុក កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី ធ្វើការអះអាងខាងលើ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីថ្ងៃសៅរ៍ ទី១២ ខែមីនានេះ និងជាលើកដំបូងបំផុតដែលទីក្រុង កៀវ បញ្ចេញតួលេខកងទ័ពដែលបានពលីជីវិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ បន្ថែមពីលើនេះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានអះអាងដែរថា កងទ័ពរុស្ស៊ីជាង ១២,០០០នាក់ ត្រូវបានសម្លាប់ ខណៈកងទ័ពរុស្ស៊ីនៅតែបន្តបង្កើនការវាយលុកចូលទីក្រុងកៀវ។

គួរបញ្ជាក់ថា រុស្ស៊ីត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់កងទ័ព ១៥០,០០០នាក់ នៅក្នុងសង្រ្គាមអ៊ុយក្រែន ហើយកាលពីថ្ងៃទី២ ខែមីនាកន្លងទៅ នេះ ទីក្រុងម៉ូស្គូបានបង្ហើបឱ្យដឹងថាកងទ័ពរបស់ខ្លួនជិត ៥០០នាក់ បានស្លាប់ តែមិនទាន់បានធ្វើបច្ចុប្បន្នភាពនៃតួលេខអ្នកស្លាប់នោះទេ៕