(មូស្គូ)៖ នៅថ្ងៃសៅរ៍នេះ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergey Ryabkov) បាននិយាយថា ការដែលក្រុមប្រទេសលោកខាងលិចនាំគ្នា ផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែន គឺមានតែធ្វើឱ្យវិបត្តិជម្លោះបច្ចុប្បន្ន រវាងអ៊ុយក្រែននិងរុស្ស៉ីធ្ងន់ធ្ងរឡើងៗប៉ុណ្ណោះ ហើយលោកបានព្រមានថា យោធារុស្ស៉ីអាចនឹងដាក់គោលដៅវាយប្រហារលើ ក្បួនដឹកជញ្ជូនអាវុធទាំងនោះ ថែមទៀតផង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ឆាណែល វាន់ (Channel One) លោក Ryabkov បានថ្លែងយ៉ាងដូច្នេះថា «យើងបានព្រមានសហរដ្ឋអាមេរិករួចហើយថា ការបញ្ជូនសព្វាវុធពីប្រទេសមួយចំនួនឱ្យទៅអ៊ុយក្រែន ដែលជាសកម្មភាពផ្តួចផ្តើមឡើងដោយទីក្រុងវ៉ាស៉ីនតោន គឺមិនត្រឹមជាទង្វើដ៏គ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចធ្វើឱ្យក្បួនដឹកជញ្ជូនអាវុធទាំងនេះ ក្លាយជាគោលដៅស្របច្បាប់ សម្រាប់ការវាយប្រហារផងដែរ»។

គួរបញ្ជាក់ថា ក្រុមសម្ព័ន្ធមិត្តលោកខាងលិច បានរួមគ្នាថ្កោលទោសនិងដាក់ទណ្ឌកម្មយ៉ាងចាស់ដៃ ទៅលើប្រទេសរុស្ស៉ី ដោយសារតែការបើកប្រតិបត្តិការយោធានៅអ៊ុយក្រែន។ ពួកគេក៏បានសន្យាផ្តល់ជំនួយយោធាដល់អ៊ុយក្រែនថែមទៀតផង ដោយកាលពីខែកុម្ភៈ អាមេរិកតែឯងបានអនុម័តឱ្យបញ្ចេញ កញ្ចប់ជំនួយយោធាគិតជាទឹកប្រាក់ស្មើនឹង ៣៥០លានដុល្លារសម្រាប់អ៊ុយក្រែន ខណៈអាល្លឺម៉ង់ ហូឡង់ ប៉ូឡូញ និងស្លូវ៉ាគី ជាដើម បានសន្យាផ្តល់អាវុធឱ្យអ៊ុយក្រែន រួមមានទាំងមីស៉ីលប្រឆាំងរថក្រោះ និងកាំភ្លើងធំ៕