(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានបង្ហាញពីការត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចរចាជាមួយរុស្ស៉ី ហើយលោកបានស្នើឱ្យនាយករដ្ឋមន្រ្តីអ៉ីស្រាអែលជួយរៀបចំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។

កំលុងសន្និសីទសារព័ត៌មានមួយនាថ្ងៃសៅរ៍នេះ ជាមួយក្រុមអ្នកកាសែតបរទេស លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងយ៉ាងដូច្នេះថា «ក្រុមអ្នកតំណាងអ៊ុយក្រែននិងរុស្ស៉ី កំពុងពិភាក្សាគ្នាលើបញ្ហាមួយចំនួន និងមិនមែនគ្រាន់តែដាក់ការកំណត់ទាមទារ ទៅវិញទៅមកឡើយ»។ លោក ហ្សេលេនស្គី បានបន្ថែមថា លោកក៏បានជជែកតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក ណាហ្វតាលី បេននេត (Naftali Bennett) ផងដែរ ដោយកំលុងជំនួបនោះ លោកបានបង្ហាញជំហរថា កិច្ចពិភាក្សាជាន់ខ្ពស់ជាមួយរុស្ស៉ី គួរត្រូវធ្វើឡើងនៅដែនដីអព្យាក្រឹត្យ ដូច្នេះហើយលោកបានស្នើឱ្យលោក Naftali ជួបរៀបចំកិច្ចចរចាសន្តិភាព នៅទីក្រុងហ្សេរុយសាឡឹម។

គួរបញ្ជាក់ថា កន្លងមកនេះ ក្រុមមន្រ្តីអ៊ុយក្រែននិងរុស្ស៉ី បានជួបចរចាគ្នាចំនួន៣លើក ដែលធ្វើឡើងនៅក្នុងប្រទេសបេឡារុស ប៉ុន្តែហាក់មិនទទួលបានលទ្ធផលជាផ្លែផ្កាអ្វីនោះទេ ដោយរុស្ស៉ីនៅតែបន្តប្រតិបត្តិការយោធារបស់ខ្លួនដដែល៕