(អូស្លូ)៖ ខណៈសង្រ្គាមកំពុងបន្តអូសបន្លាយ នៅប្រទេសអ៊ុយក្រែន អង្គការ NATO នឹងបើកការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ក្នុងប្រទេសន័រវែស នាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ក្រោមគោលដៅពង្រឹងសមត្ថភាពចូលជួយសង្រ្គោះសមាជិករបស់ខ្លួន ក្នុងករណីមានជម្លោះផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។

កងទ័ពប្រមាណ៣០,០០០នាក់, យន្តហោះ២០០គ្រឿង និងនាវា៥០គ្រឿង មកពីប្រទេសចំនួន២៧ នឹងចូលរួមក្នុងសមយុទ្ធយោធា ខូល រីស្ពន ឆ្នាំ២០២២ (Cold Response 2022) ដែលជាសមយុទ្ធយោធាធំបំផុតរបស់ NATO នៅក្នុងឆ្នាំនេះ។ ដោយចាប់ផ្តើមនៅថ្ងៃទី១៤ ខែមីនា លំហាត់យោធានេះ នឹងអនុញ្ញាតឱ្យសមាជិក NATO ពង្រឹងសមត្ថភាពប្រយុទ្ធរបស់ពួកគេ នៅក្រោមលក្ខខណ្ឌអាកាសធាតុដ៏ត្រជាក់របស់ន័រវែស ទាំងនៅលើដីគោក, លើផ្ទៃទឹក និងលើផ្ទៃអាកាស ហើយផ្តោតការហ្វឹកហាត់ជាពិសេស លើសេណារីយ៉ូចូលជួយន័រវែស ក្នុងករណីមានជម្លោះផ្ទុះឡើង។

សមយុទ្ធយោធា Cold Response 2022 នឹងប្រារព្ធឡើងនៅចម្ងាយត្រឹមតែប៉ុន្មានរយគីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំប្រទល់ប្រទេសរុស្ស៉ី ហើយខណៈវាត្រូវបានគ្រោងធ្វើឡើងតាំងពីយូរ មុនពេលសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងទៅទៀតនោះ ឥឡូវការធ្វើសមយុទ្ធយោធានេះ នឹងមានសារៈសំខាន់តែខ្លាំងថែមទៀត។

គួរបញ្ជាក់ថា ប្រទេសជិតខាងន័រវែស គឺស៊ុយអែតនិងហ្វាំងឡង់ ទោះមិនមែនជាសមាជិក NATO ក៏ដោយ ប៉ុន្តែជាដៃគូដែលកាន់តែជិតស្និទ្ធ ក៏នឹងចូលរួមក្នុងសមយុទ្ធយោធា Cold Response ផងដែរ ដែលនឹងត្រូវបិទបញ្ចប់ទៅវិញ នៅថ្ងៃទី០១ ខែមេសា៕