(ប៉ារីស)៖ វិមានអេលីហ្សេបានឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ ប្រធានាធីបតីបារាំង អែម៉ានុយអែល ម៉ាក្រុង ព្រមទាំងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ឆូល (Olaf Scholz) បានជួបពិភាក្សាគ្នាតាមទូរស័ព្ទជាថ្មីម្តងទៀត ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន អំពីវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។

ជំនួបពិភាក្សាខាងលើ គឺជាលើកទី២ហើយ រវាងមេដឹកនាំនៃប្រទេសទាំងបី នៅក្នុងសប្តាហ៍នេះ ខណៈកាលពីថ្ងៃព្រហស្បតិ៍ លោក ម៉ាក្រុង លោក ឆូល និង លោក ពូទីន ក៏បានជជែកគ្នាម្តងរួចមកហើយដែរ ដោយនាពេលនោះ លោកមេដឹកនាំបារាំងនិងអាល្លឺម៉ង់ បានស្នើឱ្យលោក ពូទីន យល់ព្រមចំពោះបទឈប់បាញ់ជាបន្ទាន់។

គួរបញ្ជាក់ថា ចាប់ពីពេលទៅជួបមុខលោក ពូទីន ផ្ទាល់ នៅវិមានក្រឹមឡាំង កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅ ដើម្បីព្យាយាមបញ្ចៀសការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែន រហូតដល់សង្រ្គាមផ្ទុះឡើងមកទល់នឹងពេលនេះ លោក ម៉ាក្រុង បានជួបលោក ពូទីន តាមទូរស័ព្ទសរុប ៩លើក៕