(មូស្គូ)៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយ៍ឯក អ៊ីហ្គ័រ កូណាស់សេនកូវ (Igor Konashenkov) បាននិយាយនៅថ្ងៃសៅរ៍នេះថា កងទ័ពរុស្ស៊ី បានបំផ្លាញទីតាំងនិងបរិក្ខាយោធារបស់ អ៊ុយក្រែនចំនួន៣,៤៩១គ្រឿង-កន្លែង ចាប់តាំងពីការបើកប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា អំឡុងប្រតិបត្តិការយោធាពិសេសនេះ បរិក្ខាយោធាអ៊ុយក្រែន ដែលត្រូវបានបំផ្លាញមានដូចជា ដ្រូនចំនួន ១២៣គ្រឿង, រថក្រោះនិងរថពាសដែកចំនួន ១,១២៧គ្រឿង, ប្រព័ន្ធគ្រាប់រ៉ុក្កែតចំនួន ១១៥គ្រឿង, កាំភ្លើងធំនិងកំាភ្លើងត្បាល់ចំនួន ៤២៣គ្រឿង, និងរថយន្តយោធាពិសេស ៩៣៤គ្រឿង ព្រមទាំងស្ថានីយនិងមូលដ្ឋាន ជាច្រើនទៀត។

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ថា ឆ្លើយតបទៅនឹងសំណើររបស់តំបន់ដុនបាស់ (Donbass) ដែលរូបលោកបានទទួលស្គាល់ផ្លូវការជារដ្ឋឯករាជ្យ លោកបានសម្រេចចិត្តឱ្យបើក ប្រតិបត្តិការយោធាពិសេសមួយនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីការពារប្រជាជនដែលទទួលរងនូវការរំលោភបំពាន និងអំពើប្រល័យពូជសាសន៍ ពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវ អស់រយៈពេល៨ឆ្នាំមកនេះ៕