(ប៉េកាំង)៖ ខណៈការរីករាលដាល នៃមេរោគ COVID-19 អូមីក្រុង បាននិងកំពុងរុញច្រានអត្រាឆ្លងរាតត្បាត ដល់កម្រិតស្រដៀងគ្នានឹង អ្វីដែលគេធ្លាប់មើលឃើញនៅទីក្រុងវូហាន ពេលដែលជំងឺរាតត្បាតសកលនេះផ្ទុះឡើងដំបូង រដ្ឋាភិបាលចិនទើបតែបានសម្រេច ឱ្យមានការប្រើប្រាស់ ឧបករណ៍តេស្តរហ័ស (Rapid Test) ដើម្បីតេស្តរកជំងឺនេះ ជាលើកដំបូង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Bloomberg នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។

កន្លងមកឧបករណ៍ធ្វើតេស្តរហ័ស មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ នៅក្នុងប្រទេសចិនទេ។ ប៉ុន្តែកាលពីថ្ងៃសុក្រសប្តាហ៏នេះ គណៈកម្មការជាតិសុខាភិបាលរបស់ចិន បានចេញសេចក្តីថ្លែងការណ៍មួយថា ឥឡូវប្រជាជនចិន និងគ្លីនិកនានាអាចស្វែងរកទិញ និងប្រើប្រាស់ឧបករណ៍ធ្វើតេស្តអង់ទីហ្សែនបានហើយ។

គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលចិន បានផ្តល់ការទទួលស្គាល់ ចំពោះឧបករណ៍ធ្វើតេស្តរហ័ស របស់ក្រុមហ៊ុនក្នុងស្រុកចំនួន៥។ ការបើកឱ្យសាធារណជនចិន អាចរកទិញនិងប្រើប្រាស់ឧបករណ៍តេស្តរហ័សបានដោយខ្លួនឯងនេះ គឺកើតមានស្របពេលដែល ករណីឆ្លងក្នុងស្រុកប្រចាំថ្ងៃនៅក្នុងប្រទេស ទើបតែកើនដល់១,៥០០នាក់ ដែលជាចំនួនច្រើនបំផុត ចាប់តាំងពីការផ្ទុះ COVID-19 នៅទូទាំងប្រទេសចិន កាលពីឆ្នាំ២០២០ ខណៈហេតុផលគឺដោយសារតែ មេរោគអូមីក្រុង៕