(ឡុងដ៏)៖ ទីភ្នាក់ងារដឹកជញ្ជូនដែនសមុទ្រ របស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ខ្លួននឹងព្យាយាមស្វែងរកមធ្យោបាយ ក្នុងការបង្កើតច្រករបៀងសុវត្ថិភាពនៅដែនសមុទ្រ ដើម្បីឲ្យកប៉ាល់និងនាវិក ដែលបានជាប់គាំងនៅសមុទ្រខ្មៅនិង សមុទ្រអាហ្សូវ (Azov) អាចធ្វើដំណើរចេញពីទីនោះ ដោយគ្មានហានិភ័យ នៃការរងការវាយប្រហារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។

ចាប់តាំងពីការចាប់ផ្តើមវាយប្រហារលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ ភាគច្រើននៃតំបន់សមុទ្រខាងលើ បានស្ថិតក្រោម ការគ្រប់គ្រងរបស់យោធារុស្ស៉ី ខណៈឆ្មាំសមុទ្រអ៊ុយក្រែនបានអះអាងថា ការប្រយុទ្ធគ្នាបានធ្វើឲ្យកប៉ាល់បរទេស ចំនួនប្រហែល១០០គ្រឿង និងនាវិករាប់រយនាក់ ជាប់គាំងទៅណាពុំរួច នៅតាមកំពង់ផែរបស់អ៊ុយក្រែន។

អង្គការនាវាចរណ៍សមុទ្រអន្តរជាតិ ហៅកាត់ IMO របស់ UN បានបើកកិច្ចប្រជុំរយៈពេល២ថ្ងៃ គឺកាលពីថ្ងៃទីព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីស្ថានការណ៍សង្រ្គាមអ៊ុយក្រែន-រុស្ស៉ី។ ប្រធាន IMO លោក ឃីថាក់ លីម (Kitack Lim) បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការចាត់វិធានការបន្ទាន់ ដើម្បីសម្រេចបាននូវច្រករបៀងសុត្ថិភាពដែនសមុទ្រពណ៌ខៀវ ក្រោមកិច្ច សហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមបញ្ចូលទាំងប្រទេសនៅជាប់ដែនសមុទ្រទាំងនោះ។

គួរបញ្ជាក់ថា កំលុងប៉ុន្មានថ្ងៃដំបូងៗ នៃការបើកប្រតិបត្តិការយោធារបស់រុស្ស៉ីលើអ៊ុយក្រែន កប៉ាល់ពាណិជ្ជកម្មមួយចំនួន ត្រូវគេរាយការណ៍ថា បានរងការវាយប្រហារដោយមីស៉ីល៕