(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង (Li Keqiang) នាថ្ងៃសុក្រនេះ បានបញ្ជាក់ថា រូបលោកគ្រោងនឹងចុះចេញពីតំណែង ក្រោយអាណត្តិបច្ចុប្បន្នរបស់លោក ផុតសុពលភាពនៅខែមីនា ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។

លោក លី បានប្រកាសក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «នេះគឺជាឆ្នាំចុងក្រោយហើយ ដែលខ្ញុំជានាយករដ្ឋមន្រ្តីចិន»។ លោក លី ខឺឈាន បានកាន់តំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៣មក ខណៈរដ្ឋធម្មនុញ្ញចិន កំណត់ឱ្យតំណែងនេះ អាចកាន់បានត្រឹម២អាណត្តិប៉ុណ្ណោះ។

ចំណែកប្រធានាធិបតីចិន លោក ស៉ី ជិនពីង វិញ គឺត្រូវគេរំពឹងថា នឹងបន្តជាប្រធានគណបក្សកាន់អំណាចចិន សម្រាប់អាណត្តិទី៣ ដែលពុំធ្លាប់មានពីមុនមកឡើយ កំលុងសមាជបក្សធំមួយ ដែលនឹងត្រូវធ្វើឡើងនៅចន្លោះត្រីមាសទី២ នៃឆ្នាំនេះ ដើម្បីជ្រើសរើសក្រុមថ្នាក់ដឹកនាំថ្មី សម្រាប់រយៈពេល៥ឆ្នាំបន្ទាប់។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ចិនបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសខ្លួន ដោយលុបចោលនូវកាកំណត់អាណត្តិត្រឹម២អាណត្តិ សម្រាប់បុគ្គលដែលកាន់តំណែងប្រធានាធិបតី។ សម្រាប់ការជ្រើសរើសនាយករដ្ឋមន្រ្តីចិនថ្មី បន្ទាប់ពីលោក លី ខឺឈាង គឺនឹងត្រូវសម្រេចដោយ ថ្នាក់ដឹកនាំរបស់បក្សកាន់អំណាចចិន៕