(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា ក្នុងប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន រុស្ស៊ីបានរកឃើញផែនការយោធាជីវសាស្ត្រនៅក្នុងដែនអ៊ុយក្រែន ដែលបានផ្តល់ប្រាក់ទុននិងអនុវត្តដោយសហរដ្ឋអាមេរិក។ យ៉ាងណាមិញ នៅចុងខែកុម្ភៈ ឆ្នាំនេះ ស្ថានទូតអាមេរិកប្រចាំនៅអ៊ុយក្រែន បានលុបចោលជាបន្ទាន់ នូវព័ត៌មានពាក់ព័ន្ធនឹងផែនការយោធាជីវសាស្ត្រ។ ទង្វើបែបនេះគួឱ្យមានការងឿងឆ្ងល់នោះគឺ តើអាមេរិកខ្លាចអ្វី? ក្នុងមន្ទីរពិសោធន៍ជីវសាស្ត្ររបស់អាមេរិកនៅបរទេសរាប់រយកន្លែង ដែលមានទីតាំងនៅប្រទេសជាច្រើន ដូចជា អ៊ុយក្រែនជាដើម តើមានអាថ៌កំបាំងអ្វីខ្លះដែលមិនអាចបើកចំហ?

យោងតាមទិន្នន័យដែលចេញផ្សាយដោយសហរដ្ឋអាមេរិកផ្ទាល់ បានឱ្យដឹងថា អាមេរិកមានមន្ទីរពិសោធន៍ជីវសាស្ត្រចំនួន ២៦កន្លែង នៅប្រទេសអ៊ុយក្រែន ហើយក្រសួងការពារជាតិអាមេរិក មានសិទ្ធិគ្រប់គ្រងទាំងស្រុង។ ដោយឡែកយោងតាម ការផ្សាយដំណឹងរបស់រុស្ស៊ីដោយបានអះអាងថា បន្ទាប់ពីបានផ្ទុះការប៉ះទង្គិចផ្នែកយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន ក៏ក្រសួងសុខាភិបាលអ៊ុយក្រែន ធ្លាប់ចេញបញ្ជាទៅកាន់មន្ទីរពិសោធន៍ជីវសាស្រ្តទាំងអស់ ដោយបានតម្រូវឱ្យពួកគេបោសសម្អាតជាបន្ទាន់ នូវវត្ថុមានគ្រោះថ្នាក់ទាំងអស់ ដើម្បីបិទបាំងដានរបស់អគារបញ្ចកោណ ដែលបានផ្តល់ប្រាក់ទុន ។

គួររំលឹកថា យោងតាមការទម្លាយដំណឹងរបស់ ប្រព័ន្ធសារព័ត៌មានបានឱ្យដឹងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានគ្រប់គ្រងមន្ទីរពិសោធន៍ជីវសាស្រ្តចំនួន ៣៣៦កន្លែង ក្នុងប្រទេសចំនួន៣០ នៅទូទាំងពិភពលោក។ លោក Stephen Kinzer អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីកិច្ចការអន្តរជាតិ និងសាធារណៈ Watson នៃសាកលវិទ្យាល័យ Brown អាមេរិកធ្លាប់ចេញផ្សាយអត្ថបទលើកាសែត «The Boston Globe» នៃអាមេរិកដោយបានលើកឡើងថា មន្ទីរពិសោធន៍ជីវសាស្ត្រ Fort Detrick របស់អាមេរិកមិនត្រឹមតែមានប្រវត្តិសិក្សាស្រាវជ្រាវ ក្នុងរយៈពេលយូរមកហើយ អំពីសារធាតុបង្ករោគដ៏កាចសាហាវប៉ុណ្ណោះទេ ថែមទាំងក៏បានផលិតអាវុធជីវសាស្ត្រ និងសារជាតិពុលគ្រប់ប្រភេទផងដែរ ដែលវាធ្លាប់ត្រូវគេចោទប្រកាន់ថា «គ្រោងផែនការគ្រោះទុរិ្ភក្សនិងជំងឺ»

លើសពីនេះទៅទៀត អ្វីដែលគួឱ្យមានការងឿងឆ្ងល់នោះ គឺ តើហេតុអ្វីបានជាមន្ទីរពិសោធន៍ជីវសាស្ត្រ Fort Detrick ស្រាប់តែត្រូវបិទទ្វារកាលពីខែកក្កដា ឆ្នាំ២០១៩? តើហេតុអ្វីបានជាស្របពេលជាមួយគ្នានេះ តំបន់ខាងជើងនៃរដ្ឋ Virginia អាមេរិកបានរកឃើញករណីជំងឺផ្លូវដង្ហើម ដែលមិនបានដឹងមូលហេតុ? ខណៈពេលរដ្ឋ Wisconsin បានផ្ទុះ «ករណីជំងឺបារីអេឡិចត្រូនិក» ក្នុងទ្រង់ទ្រាយធំ ហេតុអ្វីបានជារោគសញ្ញានៃ «សួតស» របស់អ្នកជំងឺប្រហាក់ប្រហែលគ្នានឹង រោគសញ្ញានៃជំងឺកូវីដ១៩? គិតមកទល់បច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិកនៅតែមិនបានធ្វើការបកស្រាយចំពោះបញ្ហាទាំងនេះទេ។

សូមបញ្ជាក់ថា មានភស្តុតាងជាច្រើនបានបង្ហាញថា ក្រសួងការពារជាតិអាមេរិកបានគ្រប់គ្រងមន្ទីរពិសោធន៍ជីវសាស្ត្រចំនួន ៣៣៦ កន្លែងក្នុងប្រទេសចំនួន៣០ នៅទូទាំងពិភពលោកដោយយក «កិច្ចសហប្រតិបត្តិការកាត់បន្ថយហានិភ័យនៃសុវត្ថិភាពជីវសាស្ត្រ» និង «បង្កើនសុខភាពសាធារណៈជាសកល» ជាដើមធ្វើជាលេស។ តើអ្វីជាចេតនាពិតរបស់សហរដ្ឋអាមេរិក? តើអាមេរិកបានធ្វើអ្វីខ្លះ? ទាក់ទិននឹងបញ្ហាទាំងនេះ សហគមន៍អន្តរជាតិមានការសង្ស័យជាប់រហូត។

បច្ចុប្បន្ននេះ មានភស្តុតាងកាន់តែច្រើនឡើងៗបានបង្ហាញឱ្យឃើញថា ទង្វើរបស់អាមេរិកបែបនេះបានល្មើសនឹង «អនុសញ្ញាស្តីពីហាមឃាត់មិនឱ្យប្រើប្រាស់អាវុធជីវសាស្រ្ត» ហើយចាំបាច់ត្រូវទទួលការសួរដេញដោល និងពិនិត្យផ្ទៀងផ្ទាត់ពីសំណាក់សហគមន៍អន្តរជាតិ។ ដើម្បីធានាបាននូវសុខភាព និងសុវត្ថិភាពរបស់ប្រជាជននៅអ៊ុយក្រែន និងតំបន់ជុំវិញ ភាគីអាមេរិកគួរតែធ្វើការស្រាយបំភ្លឺដោយគ្រប់ជ្រុងជ្រោយ អំពីសកម្មភាពយោធាជីវសាស្ត្ររបស់ខ្លួនទាំងក្នុងស្រុក និងនៅបរទេសក្នុងពេលឆាប់ៗ តែមិនមែនធ្វើគធ្វើថ្លង់ និងបដិសេធមិនទទួលយកនោះទេ៕