(Reuters)៖ អង្គការសុខភាពពិភពលោក WHO ធ្លាប់បានផ្ដល់យោបល់ឱ្យអ៊ុយក្រែន បំផ្លាញចោលនូវវីរុសដែលមានការគំរាមកំហែងខ្ពស់ នៅតាម មន្ទីរពិសោធន៍មួយចំនួនរបស់ខ្លួន ដើម្បីទប់ស្កាត់ការលេចធ្លាយជាយថាហេតុណាមួយ ដែលអាចនឹងចម្លងជំងឺដល់មនុស្ស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។

ដូចគ្នាទៅនឹងប្រទេសដទៃដែរ, អ៊ុយក្រែនមានមន្ទីរពិសោធន៍សិក្សាស្រាវជ្រាវពីរបៀបកាត់បន្ថយគ្រោះថ្នាក់ និងការគំរាមកំហែងពីជំងឺកាចសាហាវនានា ដែលចម្លងទៅសត្វ និងមនុស្ស ក្នុងនោះរួមមានទាំង COVID-19 ផងដែរ ហើយមន្ទីរពិសោធន៍អ៊ុយក្រែនទៀតសោត គឺទទួលបានការគាំទ្រពីអាមេរិក សហភាពអឺរ៉ុប និង WHO។

ឆ្លើយតបទៅនឹងសំណួរផ្ដាច់មុខពីទីភ្នាក់ងារសារព័ត៌មាន Reuters , អង្គការ WHO បានបញ្ជាក់ដូច្នេះថា «ជាផ្នែកមួយនៃការងារនេះ, WHO បានផ្ដល់អនុសាសន៍ដល់ក្រសួងសុខាភិបាល នៅក្នុងប្រទេសអ៊ុយក្រែន និងអង្គភាពពាក់ព័ន្ធដទៃ បំផ្លាញវីរុសកាចសាវហាវ ឬមានការគំរាមកំហែងខ្ពស់ ដើម្បីទប់ស្កាត់កុំឱ្យវាលេចធ្លាយ ចម្លងជំងឺដល់មនុស្ស»។ ប៉ុន្តែ ជាមួយគ្នានោះដែរ, WHO មិនបានឱ្យដឹងថាខ្លួនបានផ្ដល់អនុសាសន៍បែបនេះដល់អ៊ុយក្រែន តាំងតែពីពេលណាមកនោះទេ ហើយក៏មិនបានបង្ហើបពីប្រភេទវីរុស ដែលប្រាប់ឱ្យបំផ្លាញចោលនោះដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ, អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានអះអាងជាថ្មីថា សហរដ្ឋអាមេរិក បានផ្ដល់ជំនួយដល់អ៊ុយក្រែន ក្នុងការផលិត និងអភិវឌ្ឍអាវុធជីវសាស្ត្រ។ បើតាមលោកស្រី ហ្សាខារ៉ូវ៉ា, កងទ័ពរុស្ស៊ីប្រមូលបានភស្តុតាង ជាច្រើនដែលអាចបញ្ជាក់បានថាអ៊ុយក្រែនបានព្យាយាមបំផ្លាញភស្តុតាងនៃកម្មវិធីអាវុធជីវសាស្ត្រ តាមរយៈការបំផ្លាញសំណាកនៅមន្ទីរពិសោធន៍។ ប៉ុន្តែ ទាំងអាមេរិក និងអ៊ុយក្រែន បានច្រានចោលការចោទប្រកាន់បែបនេះ៕