(វ៉ាសូវី)៖ អគ្គរដ្ឋទូតប៉ូឡូញ ប្រចាំទីក្រុងកៀវ លោក បាតូស ស៊ីកឆុកគី (Bartosz Cichocki) បាននិយាយថាការបង្កើតតំបន់គ្មានការហោះហើរនៅក្នុង ប្រទេសអ៊ុយក្រែន អាចនឹងជួយបញ្ចប់សង្រ្គាមឱ្យបានកាន់តែឆាប់រហ័ស និងសង្រ្គោះជីវិតមនុស្ស ខណៈរុស្ស៊ីនៅតែបន្តទម្លាក់គ្រាប់បែកលើទីក្រុងជាច្រើន របស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានអំពាវនាវឱ្យ NATO បង្កើតតំបន់គ្មានការហោះហើរនៅក្នុងប្រទេសរបស់លោក ប៉ុន្តែបក្សសម្ពន្ធយោធា មួយនេះបានបដិសេធដោយសារតែពួកគេខ្លាចថាវាអាចនឹងបង្កទៅជាជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TVN24 ចេញពីទីក្រុងកៀវ នៅថ្ងៃព្រហស្បតិ៍នេះ លោក ស៊ីកឆុកគី បានបញ្ជាក់ដូច្នេះថា «ការពន្យារពេល (ការបង្កើតតំបន់គ្មានការហោះហើរ) អាចនឹងធ្វើឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិតពីមួយថ្ងៃ ទៅមួយថ្ងៃ... ដូច្នេះការបិទដែនអាកាសអាចនឹងជួយបញ្ចប់ សង្រ្គាមឱ្យបានកាន់តែឆាប់រហ័ស»។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ, សហរដ្ឋអាមេរិក បានបង្កភាពភ្ញាក់ផ្អើលដោយច្រានចោលសំណើរបស់ប៉ូឡូញ ដែលចង់បញ្ជូនយន្ដហោះ ចម្បាំងផលិតដោយរុស្ស៊ី MiG-29 ទៅកាន់មូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីបញ្ជូនបន្តឱ្យអ៊ុយក្រែន។ សហរដ្ឋអាមេរិកដំបូងឡើយជាអ្នក លើកឡើងនូវសំណើនេះ ប៉ុន្តែផែនការនេះត្រូវបានលុបចោល ក្រោយទីភ្នាក់ងារចារកម្មអាមេរិកអះអាងថាវាអាចនឹងធ្វើឱ្យរុស្ស៊ី និង NATO មានជម្លោះ នឹងគ្នាដោយផ្ទាល់៕