(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី១០ ខែមីនា កិច្ចប្រជុំលើកទី៥ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ បានបញ្ចប់របៀបវារៈទាំងអស់ដោយគាប់ប្រសើរ ហើយបានបិទសម័យប្រជុំនៅវិមានប្រជាជន ក្រោមអធិបតីរបស់លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងមានការអញ្ជើញជាគណៈអធិបតី ពីថ្នាក់ដឹកនាំបក្សនិងរដ្ឋ រួមមានលោក Xi Jinping ប្រធានរដ្ឋចិន និងលោក Li Keqiang នាយករដ្ឋមន្រ្តីចិនជាដើម។

កិច្ចប្រជុំលើកនេះបានអនុម័តលើសេចក្តីសម្រេចចិត្តចំនួន៤។ លោក Wang Yang បានលើកឡើងថា កិច្ចប្រជុំលើកនេះជាកិច្ចប្រជុំមួយ ដែលប្រកបដោយប្រជាធិបតេយ្យនិងសាមគ្គីភាព ភាពប្រាកដប្រជា ភាពសន្សំសំចៃនិងប្រសិទ្ធភាពខ្ពស់។ ៤ឆ្នាំកន្លងមក យើងបានរួមគ្នាធ្វើជាសាក្សី នៃព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដូចជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតប្រទេសចិនថ្មី និងខួបលើកទី១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិនជាដើម បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ យកឈ្នះលើយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ និងការកសាងដោយគ្រប់ជ្រុងជ្រោយ នូវសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ។ សមាជិកសភាប្រឹក្សានយោបាយបានរួបរួមគ្នា កាន់តែស្អិតល្មួតនៅជុំវិញមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូល ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅរកការបើកធ្វើ សមាជបក្សកុម្មុយនិស្តចិនលើកទី២០ ដោយជោគជ័យ!

សូមបញ្ជាក់ថា អង្គទូតបរទេសប្រចាំនៅចិន ក៏បានចូលរួមពិធីបិទសម័យប្រជុំ តាមការអញ្ជើញផងដែរ៕