(ម៉ូស្គូ)៖ គិតត្រឹមព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ មនុស្សច្រើនជាង ២១៣,០០០នាក់ ត្រូវបានជម្លៀសទៅកាន់សហព័ន្ធរុស្ស៊ី ហើយក្នុងនោះមាន ១៨៥,០០០នាក់ ជាប្រជាជនមកពីទីតំបន់ដូណេត និងលូហ្កាន់ ចាប់តាំងពីការជម្លៀសខ្លួនដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈមក។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មានរស្ស៊ី Tass នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។

សារព័ត៌មាន Tass ដោយផ្អែកប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាក្នុងចំណោមមនុស្សជាង ២១ម៉ឺននាក់នោះ មិនត្រឹមតែជាពលរដ្ឋរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏មានមកពីប្រទេសផ្សេងដែរ។ បច្ចុប្បន្ន ពួកគេកំពុងស្ថិតនៅកន្លែងស្នាក់បណ្តោះអាសន្នចំនួន ២៨៧កន្លែង ក្នុង៣០តំបន់ នៅទូទាំងប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា បើតាមក្រុមមន្រ្តីសុខាភិបាលក្នុងតំបន់ដុន ជនភៀសមកពីតំបន់ដុនបាស់ចំនួន ១០,០០០នាក់ បានស្នើសុំជំនួយវេជ្ជសាស្រ្ត ហើយជិត ២,០០០នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យថាបានឆ្លង COVID-19៕