(ប៉េកាំង)៖ កាលពីថ្ងៃទី៨ ខែមីនា ពេលធ្វើកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូជាមួយលោក Macron ប្រធានាធិបតីបារាំង និងលោក Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា និយាយចំពោះការផ្ទុះអាវុធឡើងវិញនៅទ្វីបអឺរ៉ុប ប្រទេសចិនមានអារម្មណ៍សោកស្តាយណាស់ ចិនគាំទ្រភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែន ក្នុងការពុះពារឧបសគ្គទទួលបានលទ្ធផល និងសន្តិភាពក្នុងកិច្ចចរចា ហើយគាំទ្រប្រទេសទាំងពីរបារាំងនិងអាល្លឺម៉ង់ ក្នុងការជំរុញការបង្កើតរចនាសម័្ពន្ធសន្តិសុខរបស់អឺរ៉ុប ប្រកបដោយតុល្យភាព ប្រសិទ្ធភាពនិងនិរន្តរភាព ដោយគិតពិចារណាដល់ផលប្រយោជន៍ផ្ទាល់ខ្លួន ចិនរីករាយឃើញ នូវការធ្វើកិច្ចចរចាដោយស្មើគ្នារវាងអឺរ៉ុប រុស្ស៊ី អាមេរិកនិងអង្គការណាតូ។

អាកប្បកិរិយាបែបនេះបានបង្ហាញម្តងទៀតថា ជានិច្ចកាល ប្រទេសចិនតែងតែបង្ហាញពីគោលជំហររបស់ខ្លួន ដោយគិតដល់ការពិតនិងភាពត្រឹមត្រូវរបស់ស្ថានការណ៍ ព្រមទាំងបានបង្ហាញឱ្យឃើញនូវកាតព្វកិច្ចរបស់ប្រទេសធំ ដែលប្រកបដោយសត្យានុម័ត យុត្តិធម៌និងមានទំនួលខុសត្រូវ។

ស្ថានការណ៍អ៊ុយក្រែនបានវិវឌ្ឍដល់សភាពបច្ចុប្បន្ននេះ គឺមានដំណើរដើមទងប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ។ ក្នុងនោះ អង្គការណាតូដែលដឹកនាំដោយអាមេរិក ត្រួវទទួលខុសត្រូវដែលមិនអាចបដិសេធបាន។ ដូច្នេះ បើសិនជាចង់ដោះស្រាយវិបត្តិលើកនេះ អាមេរិកដែលជាអ្នកបង្ករឿងហេតុមុនគេ ចាំបាច់ត្រូវលះបង់ចោលគំនិតសង្គ្រាមត្រជាក់ និងទទួលខុសត្រូវដែលខ្លួនគួរតែរ៉ាប់រង តែមិនមែនយកសាំងមកចាក់លើភ្លើង និងទម្លាក់កំហុសឱ្យអ្នកផ្សេងឡើយ។

បច្ចុប្បន្ននេះ រុស្ស៊ីនិងអ៊ុយក្រែនបានធ្វើកិច្ចចរចាបីជុំហើយ ពិតមែនតែភាគីទាំងពីរមានគោលជំហរខុសគ្នាយ៉ាងខ្លាំងក៏ដោយ ក៏ប៉ុន្តែបានទទួលគំនិតឯកភាពរួមមួយចំនួន អំពីបញ្ហាពាក់ព័ន្ធនឹងមនុស្សធម៌ជាដើម។ ដូច្នេះប្រទេសចិនអំពាវនាវឱ្យរួមគ្នាគាំទ្រ និន្នាការរក្សាកិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន អំពាវនាវឱ្យភាគីទាំងពីររក្សាការអត់ធ្មត់ក្នុងកម្រិតអតិបរមា ចៀសវាងកុំឱ្យកើតមានវិបតិ្តមនុស្សធម៌និយម ក្នុងទ្រង់ទ្រាយធំ ចិនសម្គាល់ឃើញថា ការដាក់ទណ្ឌកម្មពាក់ព័ន្ធគ្មានផលប្រយោជន៍អ្វី ដល់បណ្តាភាគីនានាសោះ។

អ្នកដែលមិនពាក់វ៉ែនតាមានពណ៌ សុទ្ធតែអាចមើលឃើញយ៉ាងច្បាស់ថា គោលជំហររបស់ចិនមានភាពស្មោះត្រង់និងត្រឹមត្រូវ ចិនខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលឱ្យស្វែងរកសន្តិភាព និងជំរុញកិច្ចចរចា ដើម្បីជំរុញដំណោះស្រាយបញ្ហាអ៊ុយក្រែន ដោយវិធីនយោបាយ។ គំនិតផ្តួចផ្តើមពាក់ព័ន្ធរបស់ចិនមិនគ្រាន់តែមានសារសំខាន់ណាស់ ក្នុងការចៀសវាងកុំឱ្យសង្គ្រាមឡើងកម្តៅប៉ុណ្ណោះទេ ហើយក៏បានបង្កើតជាលក្ខណៈសម្បតិ្ត ដែលមានអំណោយផលដល់ការជំរុញ កិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនដោយសន្តិវិធីផងដែរ។

ក្រៅពីនេះ លោក Xi Jinping បានលើកឡើងទៀតថា ប្រទេសចិនគាំទ្របារាំងនិងអាល្លឺម៉ង់ ដែលប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដោយម្ចាស់ការ លើមូលដ្ឋានគិតពិចារណាដល់ផលប្រយោជន៍ផ្ទាល់ខ្លួន និងសន្តិសុខយូរអង្វែងរបស់អឺរ៉ុប។ នេះជាកត្តាសំខាន់សម្រាប់សហភាពអឺរ៉ុបដើម្បីគិតគូរនិងឆ្លើយតបទៅនឹងវិបត្តិបច្ចុប្បន្ន មួយផ្នែកក្នុងនាមជា «ក្បាលម៉ាស៊ីន» របស់សហភាពអឺរ៉ុប បារាំងនិងអាល្លឺម៉ង់គួរតែចាត់ប្រតិបតិ្តការយ៉ាងមធ្យ័ត ដើម្បីចៀសវាងកុំឱ្យការដាក់ទណ្ឌកម្មបណ្តាល ឱ្យស្ថានភាពឡើងកម្ដៅ។ មួយផ្នែកទៀត ប្រឈមនឹងការដែលរចនាសម័្ពន្ធភូមិសាស្ត្រនយោបាយ របស់អឺរ៉ុបរងការវាយប្រហារ អឺរុបត្រូវប្រើក្រសែភ្នែកសត្យានុម័ត និងប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះ មូលហេតុពិតប្រាកដនៃវិបត្តិអ៊ុយក្រែន។

ក្នុងនាមជាកម្លាំងសំខាន់ធំទាំងពីរក្នុងសហគមន៍អន្តរជាតិ ចិននិងអឺរ៉ុបមានគំនិតឯកភាពរួមក្នុងការស្វែងរកសន្តិភាព ការអភិវឌ្ឍ និងជំរុញកិច្ចសហប្រតិបតិ្តការ ដូច្នេះចិននិងអឺរ៉ុបត្រូវមានចិត្តទូលាយនិងទំនួលខុសត្រូវ ដើម្បីបំពេញបន្ថែមនូវស្ថិរភាព និងភាពប្រាកដប្រជា កាន់តែច្រើនដល់ពិភពលោក ដែលបាននិងកំពុងមានភាពបម្រែបម្រួល និងរង្គោះរង្គើ៕