(មីនស្កិ៍)៖ ក្រសួងការបរទេសបេឡារុសបានរាយការណ៍ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ស្ថានទូតបេឡារុសប្រចាំនៅប្រទេសអ៉ីតាលី បានទទួលរងការវាយប្រហារដោយគ្រឿងផ្ទុះកែច្នៃ ប៉ុន្តែសំណាងល្អ ពុំមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។

ក្រសួងការបរទេសបេឡារុស បានចេញសេចក្តីថ្លែងការណ៍ ឱ្យដឹងថាយ៉ាងដូច្នេះថា «នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងខ្ទង់០៤ទាបភ្លឺ ជនបិទមុខមួយចំនួន បានដើរមកក្បែររបងអគារស្ថានទូតបេឡារុស ហើយមានកាន់វត្ថុពុំត្រូវបានដឹងច្បាស់នៅក្នុងដៃ។ មិនយូរប៉ុន្មានក្រោយមក ពួកគេបានដុតបញ្ឆេះវត្ថុទាំងនោះ ហើយគ្រវែងពួកវាចូលទៅក្នុងបរិវេណស្ថានទូត»

គួរបញ្ជាក់ថា ជាលទ្ធផលនៃការផ្ទុះខាងលើ អគារស្ថានទូតបេឡារុស បានទទួលរងការខូចខាតមួយចំនួន ប៉ុន្តែបុគ្គលិកទាំងអស់ ដែលមានវត្តមានក្នុងស្ថានទូតនាពេលនោះ គឺមិនមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ៕