(តៃប៉ិ)៖ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ឆូវ គូចេង (Chiu Kuo-cheng) បាននិយាយថាបើទោះបីជានរណាឈ្នះនៅក្នុងសង្រ្គាមរវាងចិន និងតៃវ៉ាន់ នាពេលអនាគតក៏ដោយ តែវានឹងក្លាយទៅជា «ជ័យជម្នះដ៏វេទនា» ហើយវាជាការល្អបំផុតដែលមនុស្សគ្រប់គ្នាត្រូវតែបញ្ចៀសជម្លោះឱ្យបាន។ នេះតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។

លោក ឆូវ គូចេង ធ្វើការកត់សម្គាល់ខាងលើ ក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍នេះ មុនសភាតៃវ៉ាន់បើកសម័យប្រជុំពិភាក្សាស្ដីពីផលប៉ះពាល់ សន្តិសុខ នៃសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក ឆូវ បានបញ្ជាក់ដូច្នេះថា «ភាគីទាំងពីរនឹងប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរ ក្នុងករណីជម្លោះរវាង ចិន និងតៃវ៉ាន់ផ្ទុះឡើង ហើយទោះជានរណាឈ្នះក៏ដោយ តែវាជាជ័យជម្នះដ៏វេទនា»

គួរបញ្ជាក់ថា ចិន បានចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ហើយបានព្រមានជារឿយៗថានឹងប្រើកម្លាំងយោធា ប្រសិនបើចាំបាច់។ តៃវ៉ាន់ បានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួន ចាប់តាំងពីមានសង្រ្គាមនៅអ៊ុយក្រែន ហើយបានរាយការណ៍ជាបន្តបន្ទាប់ថាយោធាចិនមានសកម្មភាពមិនធម្មតា ខណៈដែលកងកម្លាំងអាកាសរបស់ចិន នៅតែបន្តសកម្មភាពហោះចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់៕