(ប៉េកាំង)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ និងថ្ងៃទី២ ខែមីនា កាសែត The New York Times បានចុះផ្សាយព័ត៌មានពីរលើក ដែលសំអាងតាមដំណឹងដែលទម្លាយដោយ «មន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះរបស់សហរដ្ឋអាមេរិក» ថា ភាគីចិន «បានដឹងជាមុនពីផែនការ និងចេតនារបស់ភាគីរុស្ស៊ី ដែលធ្វើប្រតិបត្តិការយោធានៅអ៊ុយក្រែន» ព្រមទាំងចោទប្រកាន់ថា ភាគីចិនឈរនៅជាមួយភាគីរុស្ស៊ីហើយរិះគន់ថា អាមេរិកបង្ករឿងហេតុថែមទៀត ក្នុងស្ថានការណ៍អ៊ុយក្រែន ព្រមទាំងប្រឆាំងអាមេរិកដែលដាក់ទណ្ឌកម្មទៅលើរុស្ស៊ី។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានបដិសេធចំពោះដំណឹងខាងលើ ក្នុងសន្និសីទសារព័ត៌មានរួចហើយ ហើយបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ភាគីអាមេរិកបានប្រឌិតព័ត៌មានមិនពិត ដើម្បីមួលបង្កាច់រូបភាពប្រទេសចិន។ អ្នកសារព័ត៌មាននៃកាសែត Global Times បានដំណឹងពីប្រភពព័ត៌មានជាច្រើនថា អ្វីដែលហៅថា «មន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះ» គឺជាមន្ត្រីនៃគណៈកម្មាធិការសន្តិសុខជាតិនៃសេតវិមានអាមេរិក។

អ្នកសារព័ត៌មាននៃកាសែត Global Times បានរកឃើញថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមទម្រង់ «ទម្លាយព័ត៌មានដោយមន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះ» គឺក្នុងចេតនាធ្វើឱ្យមតិសាធារណៈយល់ច្រឡំ ដែលជាឧបាយកលដែលភាគីអាមេរិកតែងតែប្រើប្រាស់។ គិតដល់រឿងដែលមានបុគ្គលិកខ្លះ បានអះអាងទៀតនៅពេលថ្មីៗកន្លងទៅនេះថា ពិតមែនតែកើតមានវិបត្តិអ៊ុយក្រែនក៏ដោយ ក៏ប៉ុន្តែសហរដ្ឋអាមេរិក នៅតែបន្តបង្កើនការវិនិយោគធនធាន នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដដែល ដើម្បីទប់ស្កាត់ឥទ្ធិពលដែលរីកធំឥតឈប់ឈររបស់ចិន ពោលគឺ ភាគីអាមេរិកប៉ុនប៉ងបង្វែរទំនាស់លើបញ្ហាអ៊ុយក្រែន ទៅអ្នកដទៃដើម្បីរង់ចាំទទួលផលប្រយោជន៍៕