(ម៉ារីលែន)៖ មនុស្សដំបូងគេ ដែលទទួលបានការវះកាត់ប្ដូរដាក់បេះដូងជ្រូក នៅក្នុងសហរដ្ឋអាមេរិក បានទទួលមរណភាពហើយ ២ខែ បន្ទាប់ពីការវះកាត់។ នេះបើតាមមន្ទីរពេទ្យ Maryland ដែលជាអ្នកដឹកនាំការវះកាត់ប្ដូរដាក់បេះដូងជ្រូក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។

លោក ដាវីដ បេនណេត (David Bennett) មានអាយុ ៥៧ឆ្នាំ បានទទួលមរណភាព នៅឯមន្ទីរពេទ្យសាកលវិទ្យាល័យមជ្ឈមណ្ឌវេជ្ជសាស្ត្រម៉ារីលែន (University of Maryland Medical Center)។ ប៉ុន្តែ ខាងវេជ្ជបណ្ឌិតមិនបានបញ្ជាក់លម្អិតពីមូលហេតុនៃមរណភាពរបស់លោក David Bennett នោះទេ ដោយគ្រាន់តែនិយាយថាស្ថានភាពរបស់លោកបានចាប់ផ្ដើមធ្លាក់ចុះដុនដាបខ្លាំង កាលពីប៉ុន្មានថ្ងៃមុននេះ។

តែទោះជាយ៉ាងនេះក្ដី កូនប្រុស និងក្រុមគ្រួសាររបស់លោក David Bennett បានកោតសរសើរមន្ទីរពេទ្យដែលបានផ្តល់ក្ដីសង្ឃឹមចុងក្រោយឱ្យឪពុក ហើយសង្ឃឹមថាការវះកាត់ប្ដូរដាក់បេះដូងជ្រូក អាចនឹងជួយបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការខ្វះសរីរាង្គ សម្រាប់សង្រ្គោះជីវិតមនុស្ស៕