(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានជាសាធារណៈថារុស្ស៊ីអាចនឹងប្រើប្រាស់អាវុធគីមី ឬអាវុធជីវសាស្ត្រ នៅក្នុង ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។

ការព្រមានខាងលើធ្វើឡើងដោយអ្នកនាំាពាក្យសេតវិមាន លោកស្រី ជែន សាគី (Jen Psaki) នៅថ្ងៃពុធសប្ដាហ៍នេះ និងបន្ទាប់ពីក្រុមប្រទេស លោកខាងលិចព្រមានថារុស្ស៊ីអាចនឹងបង្កើនការវាយប្រហារលើអ៊ុយក្រែន។ ថ្លែងនាឱកាសនោះ លោកស្រី ជែន សាគី បានបញ្ជាក់ដូច្នេះថា «យើងទាំងអស់គ្នា គួរតែយកចិត្តទុកដាក់តាមមើលរុស្ស៊ី ដែលអាចនឹងប្រើប្រាស់អាវុធគីមី ឬអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន ឬក៏បង្កើតលេស ណាមួយដើម្បីអាចឱ្យពួកគេប្រើអាវុធទាំងនេះ»

គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅនេះ, អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានអះអាងថា អ៊ុយក្រែន កំពុងប្រតិ បត្តិការមន្ទីរពិសោធន៍អាវុធជីវសាស្ត្រ និងអាវុធគីមី ក្រោមការគាំទ្រពីសហរដ្ឋអាមេរិក។ ប៉ុន្តែ សេតវិមានបានច្រានចោលការចោទប្រកាន់បែបនេះ ដោយចាត់ទុកថាវាជារឿងគួរឱ្យអស់សំណើច៕