(ប៉េកាំង)៖ កាកបាទក្រហមនៃប្រទេសចិន នឹងផ្តល់ជំនួយមនុស្សធម៌ក្នុងទឹកប្រាក់៥លានយ័ន ឬស្មើនឹង ៧៩១,៥៤០ដុលា្លរអាមេរិក ដល់ប្រទេស អ៊ុយក្រែន។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្សាវ លីជាំន (Zhao Lijian) ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។

ប្រតិបត្តិការយោធារបស់រុស្ស៊ី បានធ្វើឱ្យប្រជាជនអ៊ុយក្រែនច្រើនជាង ១.៥លាននាក់ ត្រូវភៀសខ្លួនចេញទៅបរទេស ខណៈរាប់សែននាក់ កំពុងស្ថិត ក្នុងទីក្រុង Mariupol របស់អ៊ុយក្រែន ដែលកំពុងប្រឈមនឹងការគ្មានអគ្គិសនីប្រើប្រាស់, ឡើងកម្តៅ, កង្វះអាហារនិងទឹក បន្ទាប់ពីមានការទម្លាក់គ្រាប់បែកជាងមួយសប្តាហ៍មកនេះ ពីសំណាក់កងទ័ពរុស្ស៊ី។

មកទល់នឹងពេលនេះ ចិននៅតែបដិសេធហៅសកម្មភាពរុស្ស៊ី នៅអ៊ុយក្រែនថាជាការឈ្លានពាន ខណៈដែលរុស្ស៊ីហៅសកម្មភាពរបស់ខ្លួនថាជា ប្រតិបត្តិការយោធាពិសេស៕