(បេកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្សាវ លីជាំន (Zhao Lijian) បាននិយាយនៅថ្ងៃពុធនេះថា សកម្មភាពរបស់អង្គការណាតូ (NATO) ដឹកនាំដោយសហរដ្ឋអាមេរិក បានជម្រុញឱ្យភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក ហ្សាវ លីជាំន បានជំរុញឱ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់ប្រទេសចិន និងចៀសវាងការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ឬផលប្រយោជន៏របស់ខ្លួន ក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែននិងទំនាក់ទំនងជាមួយរុស្ស៊ី។ លោកបន្ថែមថា ចិន ប្រឆាំងនឹងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់សហរដ្ឋអាមេរិក ហើយថាគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីតោនចំពោះអ៊ុយក្រែន និងរុស្ស៊ី មិនគួរធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៏របស់ចិននោះទេ។

គួរបញ្ជាក់ថា បើតាមលោក ហ្សាវ លីជាំន, ចិននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់ នូវសិទ្ធិបុគ្គល និងក្រុមហ៊ុនចិន៕