(ប៉េកាំង)៖ មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិន ដែលបើកធ្វើក្នុងមួយឆ្នាំម្តងជាបង្អួចដ៏សំខាន់សម្រាប់ឱ្យមជ្ឈដ្ឋានខាងក្រៅ សង្កេតមើលគុណភាពប្រជាធិបតេយ្យរបស់ចិន។ ក្នុងអំឡុងពេលមហាសន្និបាតនៃសភាទាំងពីរឆ្នាំនេះ មានតំណាងប្រជាជនទូទាំងប្រទេសចិន និងសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ប្រហែល៥ពាន់នាក់ បានជួបជុំនៅក្រុងប៉េកាំងដើម្បីពិគ្រោះពិភាក្សាអំពីរឿងដ៏សំខាន់ៗរបស់ជាតិ ពោលគឺដាក់បញ្ចូលគោលបំណងទូទៅរបស់ប្រជាជន ទៅក្នុងការធ្វើរចនាពីលំដាប់កំពូលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ នេះជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើក ពីការអនុវត្តជាក់ស្តែងនៃប្រជាធិបតេយ្យរបស់ចិន ហើយក៏ជាការរៀបចំចាត់ចែងដ៏សំខាន់ ដើម្បីសម្រេចបាននូវប្រជាធិបតេយ្យនៃប្រជាជន ក្នុងដំណើរអភិវឌ្ឍន៍ទាំងមូលរបស់ចិនផងដែរ។

បក្សកាន់អំណាចរបស់ចិនបានលើកឡើងនូវគំនិតស្តីពី «ប្រជាធិបតេយ្យនៃប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូល» វាគ្របដណ្តប់លើគ្រប់ផ្នែកនៃអភិបាលកិច្ចជាតិ ដូចជាការបោះឆ្នោត ពិគ្រោះពិភាក្សា សម្រេចគោលនយោបាយ គ្រប់គ្រងនិងត្រួតពិនិត្យជាដើម ពោលគឺមានរបៀបវារៈខាងរបបដ៏ល្អពេញលេញ និងការចូលរួមការអនុវត្តជាក់ស្តែងដ៏ល្អពេញលេញ ដែលបង្ហាញយ៉ាងពេញលេញនូវធាតុពិត និងស្នូលនៃប្រជាធិបតេយ្យនៃប្រជាជន ពោលគឺប្រជាជនធ្វើជាម្ចាស់ផ្ទះនៃប្រទេសជាតិ។

សូមយកការបោះឆ្នោតធ្វើជាឧទាហរណ៍ តំណាងប្រជាជនចិនដែលបានចែកជា៥ថ្នាក់ សុទ្ធតែបានបង្កើតឡើង តាមការបោះឆ្នោតប្រជាធិបតេយ្យ។ ក្នុងនោះ តំណាងប្រជាជនថ្នាក់ស្រុកនិងឃុំ គឺត្រូវបង្កើតឡើងតាមមណ្ឌលបោះឆ្នោតនីមួយៗ តាមរយៈរបៀបម្ចាស់ឆ្នោតម្នាក់បោះមួយសំឡេង ត្រូវជា៩៤.៥ភាគរយ នៃបរិមាណតំណាងប្រជាជនសរុប ដែលមានភាពតំណាងដ៏ទូលំទូលាយបំផុត។

សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនគឺបង្កើតឡើង តាមរយៈរបៀបវារៈប្រជាធិបតេយ្យ នៃការពិគ្រោះពិភាក្សានិងការលើកឈ្មោះ ដែលបានគ្របដណ្តប់បក្សប្រជាធិបតេយ្យនានា ឥស្សរជនមិនចូលរួមបក្សនយោបាយ សមាគមប្រជាជនដ៏សំខាន់នានា ជនជាតិចំនួន៥៦និងសាសនាធំៗទាំង៥។ ការបំពេញតួនាទីរបស់ពួកគេ បានបង្ហាញយ៉ាងពេញលេញ នូវឧត្តមភាពពិសេសនៃប្រជាធិបតេយ្យរបស់ចិន ពោលគឺ «មានបញ្ហាឬធ្វើរឿងណាមួយ គួរតែពិគ្រោះពិភាក្សាឱ្យបានច្រើន»

បើមើលពីការសម្រេចគោលនយោបាយអាចឃើញថា នៅឆ្នាំទៅមិញ ការិយាល័យនីតិបញ្ញតិស្រទាប់មូលដ្ឋាន នៃគណៈកម្មការការងារច្បាប់នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានកើនឡើងដល់ចំនួន២២ ដែលបានជំរុញឱ្យតំបន់នានាបង្កើតការិយាល័យនីតិបញ្ញតិ ស្រទាប់មូលដ្ឋានជាង៤,៨០០ ព្រមទាំងបង្កើតគ្រួសារតំណាង និងទីស្នាក់ការតំណាងជាដើមជាង ២២០,០០០កន្លែង ។ ប្រការនេះនាំឱ្យប្រជាជនស៊ីវិលចូលរួម ការងារនីតិបញ្ញតិកាន់តែងាយស្រួល។

តើប្រទេសមួយមានប្រជាធិបតេយ្យល្អឬមិនល្អ ប្រជាជនរបស់ប្រទេសនោះ មានសិទ្ធិបញ្ចេញមតិបំផុត។ របាយការណ៍ Trust Barometer ដែលក្រុមហ៊ុនប្រឹក្សាយោបល់ទំនាក់ទំនងសាធារណៈដ៏ធំបំផុតទូទាំងពិភពលោក បានប្រកាសកាលពីខែមករាឆ្នាំនេះបានបង្ហាញថា ឆ្នាំ២០២១ អត្រាមានទុកចិត្តរបស់ប្រជាពលរដ្ឋចិន ចំពោះរដ្ឋាភិបាលចិនបានឡើងដល់៩១ភាគរយ ជាប់ចំណាត់ថ្នាក់ទីមួយលើពិភពលោករហូតមក ក៏ដូចជាឡើងដល់កម្រិតខ្ពស់ថ្មីក្នុងរយៈពេល១០ឆ្នាំកន្លងទៅផងដែរ។ នេះជាការឆ្លុះបញ្ចាំងដ៏ពិតប្រាកដបំផុតអំពី កម្លាំងជីវិតដ៏ខ្លាំងក្លារបស់ប្រជាធិបតេយ្យនៃប្រទេសចិន។

ការអនុវត្តជាក់ស្តែងបានបញ្ជាក់ថា ប្រព័ន្ធនយោបាយប្រជាធិបតេយ្យនៃសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន បានចាក់ឫសគល់ក្នុងប្រវត្តិសាស្ត្រនិងវប្បធម៌របស់ចិន សមស្របនឹងសភាពការណ៍ជាតិចិន និងដោះស្រាយបញ្ហារបស់ចិន ដែលមានភាពទូលំទូលាយ ពិតប្រាកដនិងមានប្រសិទ្ធភាព។ វាមិនត្រឹមតែទទួលបានការគាំទ្រយ៉ាងស្មោះ ពីប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងក៏នាំឱ្យពិភពលោកគិតពិចារណា ព្រមទាំងមើលឃើញយ៉ាងច្បាស់ថា ប្រព័ន្ធបោះឆ្នោតបែបបស្ចិមប្រទេសដូចជា «មនុស្សម្នាក់បោះមួយសំឡេង» និងការប្រកួតប្រជែងរវាងគណបក្សនយោបាយជាដើម ដាច់ខាតមិនមែនជាបែបផែនតែមួយគត់ និងទាំងស្រុងរបស់ប្រជាធិបតេយ្យនោះទេ៕