(ឌូបៃ)៖ អ៉ីរ៉ង់ នៅថ្ងៃពុធនេះបានព្រមានថាខ្លួននឹងសងសឹកអ៉ីស្រាអែល សម្រាប់ការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសស៊ីរី ដែលបានផ្ដាច់ ជីវិតមនុស្ស៤នាក់ ក្នុងនោះរួមមានទាំងមន្ត្រីនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់២នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក សាអ៉ីដ ខាទីបហ្សាដែស (Saeed Khatibzadeh) បានបញ្ជាក់ ដូច្នេះថា «ការនាំខ្លួនអ៉ីស្រាអែលឱ្យមកទទួលខុសត្រូវចំពោះការវាយប្រហាររបៀបនេះ គឺជាគោលបំណងដ៏សំខាន់មួយ នៃការតស៊ូនៅក្នុងតំបន់ ហើយអ៉ីស្រាអែល ត្រូវតែតបស្នងមកវិញតម្លៃមួយយ៉ាងស័ក្តិសមចំពោះបទឧក្រិដ្ឋមួយនេះ»

គួរបញ្ជាក់ថា បើតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី, ការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ គឺជាការវាយប្រហារ តាមផ្លូវអាកាសលើកទី៧ ហើយរបស់អ៉ីស្រាអែលលើទឹកដីស៊ីរី ក្នុងឆ្នាំ២០២២នេះ៕