(ប៉េកាំង)៖ មហាសន្និបាតប្រចាំឆ្នាំនៃសភាទាំងពីររបស់ប្រទេសចិន បាននិងកំពុងបើកធ្វើនៅក្រុងប៉េកាំង។ ពេលផ្តល់បទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន លោក Ivan Mrkié អតីតរដ្ឋមន្ត្រីការបរទេសស៊ែប៊ី និងជាសមាជិកគណៈកម្មាធិការជាតិស៊ែប៊ី ដែលទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយចិននិងរុស្ស៊ី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងតួនាទីដ៏សំខាន់របស់រដ្ឋាភិបាលចិន ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ការស្រូបទាញការវិនិយោគពីបរទេស ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងការជំរុញភូមិភាគស្វយ័ត Xinjiang និងតំបន់ជនជាតិភាគតិចដទៃទៀត ឱ្យមានការអភិវឌ្ឍរួម។

លោក Ivan Mrkié បានថ្លែងថា ការបង្កើតឱកាសការងារថ្មីសម្រាប់អ្នកឯកទេសថ្មីរាប់លាននាក់ គឺជាសមិទ្ធផលដ៏ធំមួយ។ រដ្ឋាភិបាលចិនបានធ្វើការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនទសវត្សរ៍មក នេះជាក្បួនសម្ងាត់មួយដែលរដ្ឋាភិបាលចិន ទទួលបានគោរពនិងស្រឡាញ់ពីប្រជាជនចិន។ កាលពីឆ្នាំមុន ប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក បានលុបបំបាត់ភាពក្រីក្រដោយជោគជ័យ អត្រាអតិផរណាត្រូវបានគ្រប់គ្រងជាទូទៅ អត្រាអត់ការងារធ្វើធ្លាក់ចុះ ដល់កម្រិតទាប់បំផុត សេដ្ឋកិច្ចមានភាពរីកចម្រើនជាបន្តបន្ទាប់។ GDP របស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែល ៥.៥% នៅឆ្នាំ២០២២នេះ ជាពិសេស ក្នុងសម័យជំងឺ Covid-19 ការរំពឹងទុកនេះគឺគួរឱ្យកោតសរសើរ និងសាទរ៕

ដោយ វិទ្យុមិត្តភាពកម្ពុជាចិន