(ឡុងដ៍)៖ រុស្ស៊ី នៅថ្ងៃពុធនេះបានព្រមានថាខ្លួនកំពុងរៀបចំការដាក់ទណ្ឌកម្ម វាយបកត្រឡប់ទៅវិញ ដែលនឹងធ្វើឱ្យបណ្ដាប្រទេសលោកខាងលិច រងការឈឺចាប់ ខណៈទីក្រុងម៉ូស្គូ កំពុងរងទណ្ឌកម្មស្ទើរជុំទិស ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។

ការព្រមានខាងលើរបស់ទីក្រុងម៉ូស្គូ ធ្វើឡើងដោយលោក ឌីមីទ្រី ប៊ីរីឆេវស្គី (Dmitry Birichevsky) ជាប្រធាននាយកដ្ឋានសហប្រតិបតិ្តការ សេដ្ឋកិច្ចនៃក្រសួងការបរទេសរុស្ស៊ី។ លោក Birichevsky បានបន្ថែមដូច្នេះថា «ការឆ្លើយតបរបស់រុស្ស៊ីនឹងមានភាពលឿនរហ័ស, ម៉ឺងម៉ាត់ជាទីបំផុតចំពោះអ្នក (លោកខាងលិច) ដែលត្រូវប្រឈមមុខនឹងចំណាត់ការនេះ»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសហាមឃាត់ការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ជាការ ឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់លោក ពូទីន នៅអ៊ុយក្រែន។ ប៉ុន្តែ កាលពីដើមសប្ដាហ៍កន្លងទៅនេះ រុស្ស៊ីក៏បានព្រមានទុកជាមុនដែរថា តម្លៃប្រេងសកលអាចនឹងឡើងថ្លៃដល់ ៣០០ដុល្លារ ក្នុងមួយបារ៉ែល ប្រសិនបើសហរដ្ឋអាមេរិក និងអឺរ៉ុបហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី៕