(ប៉េកាំង)៖ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូល តាមប្រព័ន្ធវីដេអូជាមួយលោក Macron ប្រធានាធិបតីបារាំង និងលោក Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ នៅទីក្រុងប៉េកាំង កាលពីរសៀលថ្ងៃទី៨ ខែមីនា។

លោក ស៊ី ជីនភីង បានគូសបញ្ជាក់ ការអភិវឌ្ឍរបស់ប្រទេសចិន នឹងនាំមកនូវចន្លោះកាន់តែធំទូលាយ ដល់កិច្ចសហប្រតិបត្តិការណ៍ចិន-អឺរ៉ុប ភាគីទាំងពីរគួរតែបន្តធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើ វិស័យនានា ប្រកាន់ខ្ជាប់នូវពហុភាគីនិយម ជំរុញរបៀបវារៈដ៏សំខាន់ ដែលមានលក្ខណៈជាសកល។

ជាការឆ្លើយតប លោក Macron និងលោក Scholz បានសម្តែងការ អបអរសាទរចំពោះភាគីចិន ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដោយជោគជ័យ។ បច្ចុប្បន្នពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ការឆ្លើយតបនឹងបញ្ហាដោយខ្លួនឯង បានត្រឹមតែធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ តែប៉ុណ្ណោះ។

ភាគីអឺរុបយកចិត្តទុកដាក់ដល់តួនាទីដ៏សំខាន់និងវិជ្ជមានរបស់ប្រទេសចិនក្នុងកិច្ចការពិភពលោក រីករាយធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីចិន រួមគ្នាខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលមានលក្ខណៈជាសកលដូចជាបម្រែបម្រួលអាកាសធាតុនិង សុខាភិបាលសាធារណៈ ជាដើម ព្រមទាំងជំរុញឱ្យទំនាក់ទំនងរវាងអឺរ៉ុបនិងចិន អភិវឌ្ឍទៅមុខដោយឥតឈប់ឈរ ។

ថ្នាក់ដឹកនាំទាំង៣រូបក៏បានផ្តោតសំខាន់ទៅលើការផ្លាស់ប្តូរមតិយោបល់ ស្តីពីស្ថានការណ៍អ៊ុយក្រែន នាពេលបច្ចុប្បន្នផងដែរ។
លោក Macron និងលោក Scholzបានថ្លែងថា អឺរ៉ុបកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរបំផុត គិតតាំងពីសង្គ្រាមលោកលើកទី២មក ប្រទេសបារាំងនិងអាល្លឺម៉ង់គាំទ្រ ការដោះស្រាយបញ្ហាតាមការចរចា។ អរគុណចំពោះគំនិតផ្តួចផ្តើមមនុស្សធម៌ ដែលលើកឡើងដោយភាគីចិនបារាំងនិងអាល្លឺម៉ង់ រីករាយរួមជាមួយភាគីចិនដើម្បីបង្កើន ការប្រាស្រ័យទាក់ទង់និងការសម្របសម្រួល ឱ្យមានការចរចាដោយសន្តិវិធី ចៀសវាងស្ថានការណ៍កាន់តែឡើងកម្តៅ ថែមមួយកម្រិតទៀត។

លោក ស៊ី ជីនភីង បានគូសបញ្ជាក់ថា ភាគីចិនផ្តួចផ្តើមថា អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសនានា គួរតែទទួលបានការគោរព កម្មវិត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គួរតែទទួលការគោរពនិងប្រតិបត្តិតាម ការយកចិត្តទុកដាក់ដ៏សមរម្យស្តីពីសន្តិសុខរបស់ប្រទេសនានា គួរតែទទួលបានការឱ្យតម្លៃ កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានអំណោយផលដល់ការដោះស្រាយវិបត្តិដោយសន្តិវិធីគួរតែទទួលបានការគាំទ្រ។ ពួកយើងគួរតែរួមគ្នា គាំទ្រការចរចាដោយសន្តិវិធីរវាងរុស្ស៊ីនិងអ៊ុយក្រែន ត្រូវចរចាឱ្យមានផ្លែផ្កានិងសន្តិភាព។ ពួកយើងគួររួមគ្នាអំពាវនាវឱ្យ រក្សាភាពអត់ធ្មត់ជាអតិបរមា ចៀសវាងលេចចេញវិបត្តិមនុស្សធម៌ដោយទ្រង់ទ្រាយធំ។

ថ្នាក់ដឹកនាំទាំង៣រូប ក៏បានផ្លាស់ប្តូរមតិយោបល់ស្តីពីបញ្ហាអ៊ីរ៉ង់ផងដែរ៕