(កង់បេរ៉ា)៖ ជាផ្នែកមួយនៃការពង្រឹងទណ្ឌកម្មអន្តរជាតិដឹកនាំដោយលោកខាងលិច ប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន, រដ្ឋាភិបាល អូស្ត្រាលីបានសម្រេចចិត្តដាក់ទណ្ឌកម្មលើមនុស្ស១០នាក់ ដែលត្រូវបានចោទប្រកាន់ថាបានលើកទឹកចិត្តឱ្យរុស្ស៊ី បើកការវាយប្រហារលើ អ៊ុយក្រែន។ នេះបើតាមការដកស្រង់ចេញផ្សាយពីគេហទំព័រ caitlinjohnstone នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ, រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne បានបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាលអូស្ត្រាលីសម្រេច ដាក់ទណ្ឌកម្មលើមនុស្ស ១០នាក់ ដែលបានបង្ហាញការគាំទ្រការធ្វើសកម្មភាពអរិភាពប្រឆាំងអ៊ុយក្រែន និងជាលើកកម្ពស់ការឃោសនារបស់ វិមានក្រឹមឡាំង ដែលចង់ឱ្យពិភពលោកយល់ថាការឈ្លានពានរបស់រុស្ស៊ីគឺជាទង្វើត្រឹមត្រូវ»

ដោយឡែក បើតាមសារព័ត៌មាន Australian Associated Press និង Daily Mail មនុស្សទាំង១០នាក់ដែលជាប់ទណ្ឌកម្មក្នុងនោះរួមមាន អ្នកសារព័ត៌មាន រួមទាំងមន្ត្រីការិយាល័យព័ត៌មានរបស់លោក ពូទីន ហើយការសម្រេចចិត្តនេះទៀតសោត ធ្វើឡើងបន្ទាប់ពីអូស្ត្រាលីដាក់ ទណ្ឌកម្មដោយផ្ទាល់លើរដ្ឋាភិបាលរុស្ស៊ី, ស្ថានប័នយោធា និងហិរញ្ញវត្ថុ ព្រមទាំងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងតំបន់ លូហ្កាន់ (Lugansk) និងតំបន់ដូណេត (Donetsk) នៅភាគខាងកើតប្រទេសអ៊ុយក្រែនផងដែរ៕