(វ៉ាស៊ីនតោន)៖ របាយការណ៍ថ្មីមួយរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ អន្តរទ្វីប ICBM ឡើងវិញ នៅក្នុងឆ្នាំ២០២២នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។

បើតាមរបាយការណ៍ខាងលើដដែល ដែលចេញផ្សាយដោយការិយាល័យនៃនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជឿជាក់យ៉ាតមុតមាំថាអាវុធនុយក្លេអ៊ែរ គឺជាយ័ន្តការពារមួយមិនអាចខ្វះបានចំពោះរបបដឹកនាំរបស់លោក ហើយយល់ថា កូរ៉េខាងជើងនឹងត្រូវបានគេទទួលស្គាល់ជាមហាអំណាចនុយក្លេអ៊ែរ នៅពេលអនាគត។

គួរបញ្ជាក់ថា ចាប់តាំងពីខែមករា ដើមឆ្នាំ២០២២មក កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដអាវុធចំនួន៩លើក មកហើយ ក្នុងនោះរួមមានទាំង មីស៊ីលល្បឿនលឿនជាងសំឡេង និងមីស៊ីលបាលិស្ទីគរយៈចម្ងាយមធ្យមដែលទីក្រុងព្យុងយ៉ាង មិនធ្លាប់បានធ្វើតេស្ដឡើយចាប់តាំងពីចុងឆ្នាំ២០១៧មក៕