(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ក្រសួងបានទទួលឯកសារសម្ងាត់ ដែលបញ្ជាក់ថាអ៊ុយក្រែនមានបំណងវាយប្រហារលើ ក្រុមឧទ្ទាមនៅតំបន់ជម្លោះភាគខាងកើតប្រទេស ក្នុងខែមីនានេះ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Reuters ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយឯកសារចំនួន៦ទំព័រ ដែលត្រូវបានអះអាងថាជា បទបញ្ជាសម្ងាត់របស់មេបញ្ជាការ នៃកងកម្លាំងការពារជាតិអ៊ុយក្រែន ដែលមានចុះកាលបរិច្ឆេទថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ សម្រាប់ឱ្យបើកការវាយប្រហារលើតំបន់ឧទ្ទាម ដុនបាស់ (Donbass) នៅក្នុងខែមីនានេះ។

គួរបញ្ជាក់ថា តំបន់ជម្លោះ Donbass ត្រូវបានប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ប្រកាសទទួលស្គាល់ជា រដ្ឋមានឯករាជ្យដាច់ដោយឡែក ពីអ៊ុយក្រែនតែម្តង កាលពីខែកុម្ភៈកន្លងទៅនេះ ហើយភ្លាមៗនោះ លោក ពូទីន ក៏បានចេញបញ្ជារឱ្យកងទ័ពរុស្ស៉ី បើកប្រតិបត្តិការចូលវាយលុកអ៊ុយក្រែន ខណៈហេតុផលមួយ នៅពីក្រោយការសម្រេចចិត្តធ្វើដូច្នោះរបស់លោក ពូទីន គឺដោយសារលោកជឿថា មានអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ Donbass៕