(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានបង្កភាពភ្ញាក់ផ្អើលដោយច្រានចោលសំណើរបស់ប៉ូឡូញ ដែលចង់បញ្ជូនយន្ដហោះចម្បាំងរុស្ស៊ី MiG-29 របស់ខ្លួន ទៅកាន់មូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីត្រៀមបញ្ជូនឱ្យអ៊ុយក្រែនយកទៅប្រើប្រាស់ក្នុងសង្រ្គាមជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។

កាលពីដើមសប្ដាហ៍កន្លងទៅនេះ សហរដ្ឋអាមេរិកខ្លួនឯង ជាអ្នកដាក់សំណើឱ្យប៉ូឡូញ បញ្ជូនយន្ដហោះចម្បាំងសល់ពីសម័យសូវៀតរបស់ខ្លួនទៅឱ្យ អ៊ុយក្រែន ជាថ្នូរនឹងយន្ដហោះចម្បាំង F-16។ ប៉ុន្តែ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាការបញ្ជូនយន្ដហោះចម្បាំងចេញពីដែនដី NATO ទៅកាន់តំបន់សង្រ្គាម គឺជាក្ដីកង្វល់ដ៏ធំសម្រាប់សម្ពន្ធមិត្ត NATO ទាំងមូល។

អង្គការ NATO រួមទាំងសហរដ្ឋអាមេរិក បានបញ្ជាក់ជាច្រើនដងមកហើយថាពួកគេមិនចង់មានជម្លោះ ឬសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ីដែលជា មហាអំណាចនុយក្លេអ៊ែរឡើយ។ ចំណែកឯ លោកប្រធានាធិបតី ពូទីនក៏បានព្រមានទុកជាមុនដែរថាប្រទេសណាក៏ដោយឱ្យបង្កើតតំបន់គ្មានការហោះហើរ ឬផ្ដល់ជំនួយការពារដែនអាកាសអ៊ុយក្រែន គឺមានន័យស្មើថាពួកគេប្រកាសសង្រ្គាមប្រឆាំងនឹងរុស្ស៊ី។

គួរបញ្ជាក់ថា ក្រសួងការបរទេសប៉ូឡូញ នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាខ្លួនត្រៀមរួចជាស្រេច ដើម្បីបញ្ជូនយន្ដហោះចម្បាំង MiG-29 ទៅកាន់ មូលដ្ឋានទ័ពអាកាសអាមេរិក រុំាស្ដែន (Ramstein) ក្នុងប្រទេសអាល្លឺម៉ង់ តបតាមសំណើរបស់សហរដ្ឋអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេស្គីន ដែលបានទទូចឱ្យបណ្ដាប្រទេសលោកខាងលិចបញ្ជូនយន្ដហោះចម្បាំងមកឱ្យកងទ័ពអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ ប៉ូឡូញក៏បានអំពាវនាវ ផងដែរឱ្យបណ្ដាប្រទេសជាសមាជិក NATO ដទៃដែលមានយន្ដហោះចម្បាំងរុស្ស៊ី ធ្វើដូចគ្នានេះដែរ៕