(វ៉ាស៊ីនតោន)៖ ប្រទេសវ៉េណេស៊ុយអេឡា បានដោះលែងពលរដ្ឋអាមេរិកម្នាក់ចេញពន្ធនាគារ នៅថ្ងៃអង្គារ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។

មន្ត្រីអាមេរិក៣នាក់ ដែលបានដឹងពីដំណឹងដោះលែងពលរដ្ឋអាមេរិកខាងលើ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថានេះជាកាយវិការល្អរបស់ រដ្ឋាភិបាលលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ចំពោះរដ្ឋបាលលោក ចូ បៃដិន បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជានខ្ពស់អាមេរិក ទៅកាន់ទីក្រុងការ៉ាកាស់កាលពីពេលថ្មីៗនេះ។

កិច្ចប្រជុំនាចុងសប្តាហ៍កន្លងទៅនេះ មិនត្រឹមតែផ្តោតលើជោគវាសនារបស់ជនជាតិអាមេរិក នៅក្នុងប្រទេសវ៉េណេស៊ុយអេឡាប៉ុណ្ណោះទេ ថែមទាំងអាច នាំទៅរកការបន្ធូរបន្ថយទណ្ឌកម្មប្រេងរបស់សហរដ្ឋអាមេរិក លើទីក្រុងការ៉ាកាស់ ដែលសមាជិករបស់អង្គការ OPEC និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី ផងដែរ ក្នុងគោលបំណងបំពេញតម្រូវការផ្គត់ផ្គង់ប្រេង ខណៈលោកចូ បៃដិន បានហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ជាការឆ្លើយតបទៅនឹង ប្រតិបត្តិការយោធាលើអ៊ុយក្រែន៕