(វ៉ាស៊ីនតោន)៖ មេដឹកនាំនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានបដិសេធកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនការគាំទ្រជាលក្ខណៈអន្តរជាតិដល់អ៊ុយក្រែន និងគ្រប់គ្រងការឡើងថ្លៃនៃតម្លៃប្រេង។ នេះបើតាមការដកស្រង់ ចេញផ្សាយពីសារព័ត៌មាន Wall Street Journal នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។

សារព័ត៌មាន Wall Street Journal ធ្វើសេចក្ដីរាយការណ៍ខាងលើ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក និងក្រុមមន្ត្រីនៅក្នុងតំបន់មជ្ឈិមបូព៌ា។ មន្ត្រីអាមេរិកម្នាក់ បានប្រាប់កាសែតអាមេរិកនេះដដែលថា កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ចូ បៃដិន និងព្រះអង្គម្ចាស់រាជាទាយាទមហាំម៉ាត់ ប៊ីន សាល់ម៉ាន ត្រូវបានគេរំពឹងថានឹងត្រូវរៀបចំឡើង ប៉ុន្តែវាមិនបានកើតឡើងតាមគ្រោងទុកនោះទេ។

ចំណែកឯ ព្រះអង្គម្ចាស់រាជទាយាទអេមីរ៉ាតអារ៉ាប់រួម មហាំម៉ាត់ ប៊ិន ហ្សៃយ៉ីត (Mohammed bin Zayed) ក៏បានបដិសេធកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក ចូ បៃដិនផងដែរ។ បើតាមក្រុមមន្ត្រីអាមេរិក បរាជ័យក្នុងការរៀបចំកិច្ចសន្ទនាកើតមានឡើង ក្រោយក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម រិះគន់គោលនយោបាយអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ជាពិសេសចំពោះអ៉ីរ៉ង់តែម្ដង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថាក៏កំពុងស្វះស្វែងបើកកិច្ចពិភាក្សាជាមួយអ៉ីរ៉ង់, អារ៉ាប៊ីសាអូឌីត រួមទាំងវេណស៊ុយអេឡា ដើម្បី ជជែកពីការកាត់បន្ថយការនាំចូលប្រេង ឬថាមពលពីរុស្ស៊ី និងគ្រប់គ្រងការឡើងថ្លៃនៃតម្លៃប្រេង ក្រោមក្របខណ្ឌនៃការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងម៉ូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ខណៈអាមេរិកផ្ទាល់ នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសហាមឃាត់ការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី៕