(សេអ៊ូល)៖ ប្រជាជនកូរ៉េខាងត្បូង ដែលបានចុះឈ្មោះបោះឆ្នោតបានចេញដំណើរទៅកាន់ការិយាល័យបោះឆ្នោតនានា នៅទូទាំងប្រទេសហើយ នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីទម្លាក់សន្លឹកឆ្នោតរបស់ពួកគេជ្រើសរើសប្រធានាធិបតីថ្មី ជំនួសលោក មូន ចេអ៉ីន ដែលត្រូវផុតអាណត្តិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។

រយៈពេល ២ម៉ោងក្រោយការិយាល័យបោះឆ្នោតបានបើកទ្វារ នៅម៉ោង ៦៖០០នាទីព្រឹក (ម៉ោងនៅសេអ៊ូល) ក្រុមមន្ត្រីរៀបចំការបោះឆ្នោតបានអះអាងថា អត្រាអ្នកចូលរួមបោះឆ្នោតមាន៥ភាគរយ នៅទូទាំង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៧ មាន៥.៦ភាគរយ។ ការបោះឆ្នោតនេះប្រព្រឹត្តទៅ ចំពេលករណីឆ្លង COVID-19 ប្រចាំថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងត្បូងផ្ទុះឡើងជាថ្មីយ៉ាងគំហុក។

គួរបញ្ជាក់ថា មានបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងពីររូប ដែលកំពុងប្រកួតប្រជែងដោយមានសំឡេងគាំទ្រប្រកិតប្រកៀកគ្នា នោះគឺបេក្ខជនមកពីបក្ស កាន់អំណាច លោក លី ចេ ម្យុង (Lee Jae-myung) និងបេក្ខជនមកពីបក្សប្រឆាំង លោក យូន ស៊ុក យ៉ុល (Yoon Suk-yeol)។ ប្រជាជនកូរ៉េខាងត្បូង មានសិទ្ធិបោះឆ្នោតមានប្រហែលជា ៤៤លាននាក់ដែលមានអាយុ ១៨ឆ្នាំឡើងទៅ នៅក្នុងចំណោមប្រជាជនសរុប ៥២លាននាក់៕