(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីឆ្នាំ២០១៩ ធ្លាប់បាននិយាយថាអង្គការ NATO ស្ថិត នៅក្នុងស្ថានភាពដូចជា «មនុស្សខូចខួរក្បាល» ដោយសារតែសហរដ្ឋអាមេរិក លែងចាត់ទុកសន្តិសុខអឺរ៉ុបជាផលប្រយោជន៍អាទិភាពរបស់ខ្លួន ដោយងាកមកផ្ដោតតែទៅលើចិន។

លោក ម៉ាក្រុង ក៏ធ្លាប់បានអំពាវនាវផងដែរឱ្យបណ្ដាប្រទេសអឺរ៉ុបទាំងអស់ឈប់ពឹងផ្អែកលើ NATO ឬសហរដ្ឋអាមេរិក ហើយបង្កើតកងទ័ពអឺរ៉ុបមួយ ដោយខ្លួនឯង ដើម្បីការពារសន្តិសុខអឺរ៉ុប។ គំនិតបង្កើតកងទ័ពអឺរ៉ុបបានរីកសុះសាយកាន់តែខ្លាំង បន្ទាប់ពីរដ្ឋាភិបាលអាហ្វហ្កានីស្ថានដួលរលំនៅក្រោម កណ្ដាប់ដៃក្រុមតាលីបង់ កាលពីឆ្នាំ២០២១។ មែនទែនទៅ បើតាមក្រុមអ្នកជំនាញ គំនិតចង់ឱ្យអឺរ៉ុបមានស្វ័យភាពច្រើនជាងមុននេះ គឺមានជាប់ពាក់ព័ន្ធ នឹងការផ្លាស់ប្ដូរគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដោយនៅក្រោមរដ្ឋបាលលោក ចូ បៃដិន, វ៉ាស៊ីនតោនបានផ្លាស់ប្ដូរយុទ្ធសាស្ត្រ ងាក មកផ្តោតលើការខ្ទប់ការកើនឡើងឥទ្ធិពលចិន នៅជុំវិញពិភពលោក ជាពិសេសគឺក្នុងតំបន់អាស៊ីតែម្ដង តាមរយៈការបង្កើតបក្សសម្ពន្ធខ្នាតតូច ដូចជា Quad និង AUKUS ជាដើម។

ប៉ុន្តែ នៅក្រោយរុស្ស៊ីបើកប្រតិបត្តិការយោធាលើអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ, NATO ត្រូវបានគេមើលឃើញថាហាក់ដូចជាបានភ្ញាក់ពីការដេក លង់លក់ និងកំពុងបង្ហាញពីសាមគ្គីភាពប្រឈមមុខជាមួយយក្សដូចជារុស្ស៊ី។

* ដាស់ឱ្យ NATO ភ្ញាក់ពីការដេកលង់លក់

បក្សសម្ពន្ធយោធា NATO ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៤៩ ពោលគឺអំឡុងសម័យសង្រ្គាមត្រជាក់ ក្នុងគោលបំណងការពារបណ្ដាប្រទេសក្នុងតំបន់ អឺរ៉ុបខាងលិចពីការគំរាមកំហែងរបស់អតីតសហភាពសូវៀត។ លោកស្រី ជែននី រ៉ាហ្វីក (Jenny Rafik) ជាអ្នកស្រាវជ្រាវ និងជាឯកទេសប្រវត្តិសាស្ត្រ ស្ដីពីអង្គការ NATO នៃសាកលវិទ្យាល័យណង់តិ៍ (Nantes) បាននិយាយថាសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បានធ្វើឱ្យ NATO ត្រឡប់មករក «គោលបំណងដើម» របស់ខ្លួនវិញ។ «សកម្មភាពរបស់លោក វ្ល៉ាឌីមៀ ពូទីន បានជំរុញឱ្យ NATO ពង្រឹងទំនាក់ទំនងរបស់ខ្លួនឡើងវិញ និងដាស់ខ្លួនឯង ឱ្យភ្ញាក់ពីដំណេក»។ នេះជាការបញ្ជាក់របស់លោកស្រី ជែននី។

ប៉ុន្តែអ្វីក៏ដោយ វាមានល្អ និងអាក្រក់។ សង្រ្គាមនៅអ៊ុយក្រែន វាធ្វើឱ្យ NATO មានឯកភាពគ្នាឡើងវិញក៏ពិតមែន តែវាក៏បង្ហាញផងដែរថាអឺរ៉ុបនៅតែ ត្រូវការឆត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដើម្បីការពារពួកគេពីរុស្ស៊ី ដែលនេះនឹងធ្វើឱ្យប៉ះពាល់ដល់យុទ្ធសាស្ត្រស្វ័យភាពរបស់សហភាពអឺរ៉ុប ជាពិសេសគឺបារាំង ដែលចង់ឱ្យអឺរ៉ុបឈប់ពឹងផ្អែកលើអាមេរិក ឬ NATO។

* រុស្ស៊ី ជួយសម្រេចបំណងឱ្យសហរដ្ឋអាមេរិក?

សង្រ្គាមនៅអ៊ុយក្រែន បានជួយដោះស្រាយការខ្វែងគំនិតគ្នាជាយូរណាស់មកហើយ រវាងបណ្ដាប្រទេសជាសមាជិក NATO មកពីប្លុកអឺរ៉ុបខាងកើត និងអឺរ៉ុបខាងលិច។ ក្រោយសូវៀតរលំរលាយ, បណ្ដាប្រទេសដែលធ្លាប់ស្ថិតនៅក្នុងប្លុកសូវៀត ដូចជាហុងគ្រី និងប៉ូឡូញ បានចូលជាសមាជិក NATO ហើយប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសទាំង២ បានប្រាប់ NATO ជារឿយៗពីការភ័យខ្លាចរបស់ពួកគេពីការគំរាមកំហែងពីសំណាក់រុស្ស៊ី។ ប៉ុន្តែ អាមេរិក បែរជាចង់ឱ្យ NATO ផ្ដោតលើតំបន់សមុទ្រមេឌីទែរ៉ាណេ, ចិន និងភេរវកម្មទៅវិញ។ ដូច្នេះសង្រ្គាមនៅអ៊ុយក្រែន បានបញ្ជាក់ថាការបារម្ភរបស់ហុងគ្រី និងប៉ូឡូញ បានក្លាយជាការពិត។

មួយវិញទៀត សង្រ្គាមរបស់លោក ពូទីន ក៏ជួយសម្រេចបំណងជំនួសសហរដ្ឋអាមេរិកផងដែរ នោះគឺឱ្យបណ្ដាប្រទេសជាសមាជិក NATO ជាពិសេស អាល្លឺម៉ង់បង្កើនកញ្ចប់ថវិកាយោធា។ អធិបការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បានប្រកាសកាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅនេះ ថាប្រទេសរបស់លោកនឹងចំណាយប្រាក់ ១០០ពាន់លានអឺរ៉ូ សម្រាប់កញ្ចប់ថវិកាយោធា។ បានន័យថាទីក្រុងប៊ែរឡាំងនឹងបង្កើនការចំណាយលើវិស័យ ការពារជាតិច្រើនជាង ២ភាគយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់ខ្លួន រហូតដល់ឆ្នាំ២០២៤ ហើយនេះគឺជាអ្វីដែលសហរដ្ឋអាមេរិកចង់បានជា យូរណាស់មកហើយ។

លើសពីនេះទៅទៀត, កាន់តែសំខាន់សង្រ្គាមនៅអ៊ុយក្រែន បានជួយលុបបំបាត់ការសង្ស័យរបស់បណ្ដាប្រទេសអឺរ៉ុបបានមួយភាគធំ ចំពោះការប្ដេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក។ កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាជាសាធារណៈថាសហរដ្ឋអាមេរិកនឹង
ការពារទឹកដីរបស់ NATO មិនឱ្យបាត់បង់សូម្បីតែមួយចំអាម។

គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី១២ ហើយក៏មិនទាន់មានសញ្ញាថាវាត្រូវបញ្ចប់នៅពេលណាដែរ។ ព្រមពេលជាមួយគ្នា NATO និងសហរដ្ឋអាមេរិក បានបង្ហាញជំហរដូចគ្នាថាពួកគេនឹងមិនធ្វើសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ីទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមានថា NATO ត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការឆ្លើយតប បើប្រទេសជាសមាជិក NATO ណាមួយរងការវាយប្រហារ ឬការគំរាមកំហែង៕

ប្រភព៖ France 24 (ថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២)