(វ៉ាស៊ីនតោន)៖ យោងតាមប្រភពស្និទ្ធនឹងបញ្ហាបានឲ្យដឹងថា រដ្ឋបាលអាមេរិក លោក ចូ បៃដិន ត្រៀមនឹងដាក់បម្រាមលើការនាំចូលថាមពលពីរុស្សីនៅថ្ងៃអង្គារនេះសប្តាហ៍នេះតែម្តង ដោយគ្មានការចូលរួមពីសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន NewYork Times នៅថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២។

យោងតាមមន្ត្រីពីរនាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ការហាមឃាត់នេះនឹងរួមបញ្ចូលទាំងប្រេង ឧស្ម័នធម្មជាតិ និងធ្យូងថ្មរបស់រុស្ស៊ី។ មន្ត្រីម្នាក់ទៀតបានបន្ថែមថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្រោយបានពិគ្រោះយោបល់ជាមួយសម្ពន្ធមិត្តអឺរ៉ុប ដែលពឹងផ្អែកខ្លាំងជាងសហរដ្ឋអាមេរិកលើថាមពលរុស្ស៊ី។

គួរបញ្ជាក់ថា ទិន្នន័យរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិកបង្ហាញថា ប្រេងរុស្ស៊ីរ៉ាប់រ៉ងប្រមាណ ៣% នៃការនាំចូលប្រេងឆៅរបស់អាមេរិកទាំងអស់កាលពីឆ្នាំមុន។ ជាសរុបការនាំចូលប្រេង និងផលិតផលប្រេងរបស់រុស្ស៊ីតំណាងឱ្យប្រហែល ៨% នៃការនាំចូលសរុបរបស់សហរដ្ឋអាមេរិក៕