(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកលែងមានអារម្មណ៍ត្រេកត្រអាល ចង់ឱ្យប្រទេសរបស់លោកចូលជា សមាជិកអង្គការ NATO ទៀតហើយ បន្ទាប់ពីទីក្រុងកៀវ ភ្ញាក់ដឹងខ្លួនឯងថាបក្សសម្ពន្ធយោធាមួយនេះមិនទាន់ត្រៀមលក្ខណៈទទួលយកអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២។

ការលើកឡើងរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទូរទស្សន៍អាមេរិក ABC News នៅថ្ងៃអង្គារនេះ និងជាការឆ្លើយតប ទៅនឹងសំណួរស្ដីពីសំណើរបស់ទីក្រុងម៉ូស្គូ។ នៅក្នុងបទសម្ភាសន៍នោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានបញ្ជាក់ដែរថាទីក្រុងកៀវ អាចនឹងបើក កិច្ចពិភាក្សាជាមួយរុស្ស៊ីដើម្បីស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងតំបន់គ្រីមេ រួមទាំងតំបន់ដូណេត (Donetsk) និងលូហ្កាន់ (Lugansk)។

គួរបញ្ជាក់ថា រុស្ស៊ី នៅថ្ងៃអង្គារនេះ បានស្នើអ៊ុយក្រែនឱ្យបញ្ឈប់សកម្មភាពយោធា, ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឱ្យក្លាយជាប្រទេសអព្យាក្រឹត, ទទួលស្គាល់ ឧបទ្វីបគ្រីមេថាជាទឹកដីរុស្ស៊ី និងទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរ នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន គឺ ដូណេត (Donetsk) និងលូហ្កាន់ (Lugansk) ជារដ្ឋឯករាជ្យ ហើយជាថ្នូរមកវិញ រុស្ស៊ីនឹងបញ្ចប់ប្រតិបត្តិការយោធាភ្លាមៗ៕