(ប៉េកាំង)៖ របាយការណ៍ការងាររបស់តុលាការកំពូលប្រជាជនចិន ដែលបានចេញផ្សាយនៅថ្ងៃទី៨ ខែមីនា បានបង្ហាញអំពីការរៀបចំចាត់ចែងការងារប្រចាំឆ្នាំ២០២២ ថា ចិននឹងឆ្លើយតបតាមផ្លូវច្បាប់យ៉ាងដាច់ខាត ចំពោះការអនុវត្ត «អំណាចដៃវែង» របស់បរទេសទៅលើសហគ្រាស និងប្រជាពលរដ្ឋចិន។ តុលាការចិនប្រកាន់ខ្ជាប់ដោយមិនងាករេ នូវការគាំពារសណ្តាប់ធ្នាប់អន្តរជាតិដែលមានច្បាប់អន្តរជាតិទុកជាមូលដ្ឋានគ្រឹះ ហើយដាច់ខាតមិនបន្ធូរជំហាន ក្នុងការគាំពារអធិបតេយ្យភាពជាតិ និងយុត្តាធិការរបស់តុលាការនោះឡើយ។

របាយការណ៍បានបញ្ជាក់ទៀតថា ត្រូវធ្វើឱ្យមានសុក្រឹតភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងតំបន់ តំបន់ពិសោធផ្នែកពាណិជ្ជកម្មសេរី កំពង់ផែពាណិជ្ជកម្មសេរីHainan និងគោលនយោបាយសេវាយុត្តិធម៌ នៃការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ»។ អនុវត្តកាតព្វកិច្ច នៃកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ លើកកម្ពស់ទាំងស្រុងនូវគុណភាព និងប្រសិទ្ធភាពនៃកិច្ចការយុត្តិធម៌ដែលពាក់ព័ន្ធជាមួយបរទេស ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យយុត្តិធម៌ និងរួមចំណែកដល់ការពង្រីកការបើកចំហ ចំពោះបរទេសក្នុងកម្រិតខ្ពស់។

របាយការណ៍ក៏បានសង្កត់ធ្ងន់ថា ត្រូវផ្តោតសំខាន់លើការបង្កើតបរិយាកាសធុរកិច្ច ដែលប្រកបដោយលក្ខណៈទីផ្សារ នីតិកម្ម និងអន្តរជាតូបនីយកម្ម បង្កើនការការពារកម្មសិទ្ធិបញ្ញា ព្រមទាំងធ្វើឱ្យមានសុក្រឹតភាពនូវច្បាប់កំណត់ ស្តីពីការកាត់ក្តីក្នុងសំណុំរឿងប្រឆាំងសកម្មភាពផ្តាច់មុខ និងប្រឆាំងនឹងការប្រកួតប្រជែងអយុត្តិធម៌៕