(ប៉េកាំង)៖ ក្នុងរយៈពេលជិតពីរម៉ោង បានឆ្លើយសំណួរចំនួន២៧ របស់អ្នកសារព័ត៌មាន ដែលពាក់ព័ន្ធនឹងវិស័យគ្រប់ផ្នែកដូចជា ស្ថានការណ៍អ៊ុយក្រែន ទំនាក់ទំនងរវាងប្រទេសធំៗ និងអភិបាលកិច្ចសកលជាដើម។ នៅថៃ្ងទី២៧ ខែមីនា លោក WangYi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអធិប្បាយយ៉ាងស៊ីជម្រៅនូវ គំនិតផ្តួចផ្តើមផ្នែកការទូតរបស់ចិន ក្នុងសន្និសីទសារព័ត៌មាននៃមហាសន្និបាតសភាទាំងពីររបស់ប្រទេសចិន ។

គួររំលឹកថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីគាំពារអនុត្តរភាពរបស់ខ្លួន សហរដ្ឋអាមេរិកបានអនុវត្តជាថ្មីឡើងវិញ នូវគំនិតសង្គ្រាមត្រជាក់ នយោបាយចែកបក្ខពួកនិងពហុភាគីនិយមក្លែងក្លាយ ដែលធ្វើឱ្យពិភពលោកកាន់តែមានភាពវឹកវរ និងការបែកបាក់គ្នាថែមមួយកម្រិតទៀត ក៏ដូចជាធ្វើឱ្យពិភពលោកដែលមានបញ្ហាគ្រប់បែបយ៉ាង កាន់តែអាប់អួទៅៗផងដែរ ។ ប្រឈមនឹងសំណួររបស់យុគសម័យដែលថា តើមនុស្សជាតិត្រូវធ្វើយ៉ាងណា? ប្រទេសចិនបានផ្តល់ចម្លើយយ៉ាងច្បាស់លាស់ ពោលគឺ ប្រកាន់ខ្ជាប់នូវពហុភាគីនិយមដ៏ពិតប្រាកដ និងសម្រេចបាននូវ «សន្តិភាព សាមគ្គីភាព ភាពបើកទូលាយ និងកិច្ចសហប្រតិបត្តិការ»។

សូមបញ្ជាក់ថា ចម្លើយនេះបានឆ្លុះបញ្ចាំងពីទស្សនៈ ដែលផ្តួចផ្តើមដោយលោកប្រធានរដ្ឋចិន Xi Jinping ជាប់រហូត ពោលគឺ «ជានិច្ចកាល ប្រទេសចិនតែងតែជាស្ថាបនិក នៃសន្តិភាពរបស់សកលលោក ជាអ្នករួមវិភាគទាននៃការអភិវឌ្ឍរបស់ពិភពលោក និងជាអ្នកគាំពារសណ្តាប់ធ្នាប់និងរបៀបរៀបរយអន្តរជាតិ» ហើយវាក៏ជាសកម្មភាពជាក់ស្តែងរបស់ចិនជាប់រហូកមកផងដែរ។

បច្ចុប្បន្ននេះ ការគាំពារសន្តិភាពពិភពលោកគឺជាភារកិច្ចបន្ទាន់បំផុត។ ទាក់ទិននឹងបញ្ហាអ៊ុយក្រែនដែលសហគមន៍អន្តរជាតិ បានយកចិត្តទុកដាក់បំផុតនោះ ប្រទេសចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមចំនួន ៤ចំណុច ដោយអនុលោមតាមការពិតទាំងស្រុងនៃបញ្ហានេះ ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តោតសំខាន់ ទៅលើបញ្ហាធំៗចំនួនពីរ គឺ ការជំរុញដល់ការចរចាសន្តិភាព និងបង្ការកុំឱ្យលេចចេញវិបតិ្តផ្នែកមនុស្សធម៌ក្នុងទ្រង់ទ្រាយធំ។

ក្នុងបរិបទដែលត្រូវប្រឈមនឹងបញ្ហាប្រឈមជាសកលគ្រប់បែបយ៉ាង ដូចជា ការរីករាលដាលនៃជំងឺកូវីដ ១៩ និងបម្រែបម្រួលអាកាសធាតុជាដើម ការរក្សាសាមគ្គីភាពជាចម្លើយដ៏ល្អបំផុត។ ពីការផ្តល់ជំនួយជាវ៉ាក់សាំងជំងឺកូវីដ ១៩ ជិត ៤០០ លានដូសនិងសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជិត ៤០លានជូនដល់អាមេរិកឡាទីន ដែលបូករួមទាំងតំបន់ការ៉ាប៊ីន ដល់ការផ្តល់ជំនួយដោយទាន់ពេលវេលា បន្ទាប់ពីការបំផ្ទុះភ្នំភ្លើងក្នុងទ្រង់ទ្រាយធំនៅប្រទេសតុងហ្គា ប្រទេសចិនបានបង្ហាញពីស្មារតីសាមគ្គីភាព ដែលរួមសុខរួមទុក្ខតាមរយៈសកម្មភាពជាក់ស្តែងរបស់ខ្លួន។

ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានសង្កត់ធ្ងន់ថា ការប្រកួតប្រជែងរវាងប្រទេសធំៗ មិនមែនជាប្រធានបទនៃយុគសម័យនោះទេ ហើយការប្រកួតប្រជែងផលបូកសូន្យ ក៏មិនមែនជាជម្រើសដ៏ត្រឹមត្រូវនោះដែរ ។ ប្រទេសចិនកំពុងជំរុញយ៉ាងសកម្មឱ្យបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មី ក្នុងន័យផ្តល់នូវភាពនឹងនរកាន់តែច្រើន ជូនដល់ពិភពលោកដែលមានភាពវឹកវរ។

ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់ នូវពហុភាគីនិយមដ៏ពិតប្រាកដ ប្រកាន់ខ្ជាប់នូវគោលការណ៍ «សន្តិភាព សាមគ្គីភាព ភាពបើកទូលាយនិងកិច្ចសហប្រតិបត្តិការ» ក៏ដូចជាឈរលើមុំយុទ្ធសាស្រ្តនៃសហគមន៍រួមវាសនារបស់មនុស្សជាតិ ជាប់រហូតមកនិងបំពេញបំន្ថែមនូវភាពនឹងនឹរ និងថាមពលវិជ្ជមានទៅក្នុងពិភពលោកដែលបាននិងកំពុងឋិត ក្នុងបម្រែបម្រួលដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល ១រយឆ្នាំកន្លងទៅ ប្រការទាំងនេះបានបង្ហាញឱ្យឃើញនូវ កាតព្វកិច្ចរបស់ប្រទេសមហាអំណាចលើពិភពលោកប្រកបដោយទំនួលខុសត្រូវ។

គួរបញ្ជាក់ថា សហគមន៍អន្តរជាតិត្រូវរួមសាមគ្គីគ្នា តែមិនត្រូវបែកបាក់គ្នា ត្រូវធ្វើកិច្ចសន្ទនា តែមិនត្រូវធ្វើបដិបក្ខគ្នា មិនត្រូវទុកឱ្យប្រទេសណាមួយនៅក្រៅជួរ និងមិនត្រូវមើលរំលង ចំពោះតម្រូវការ និងសំណូមពរណាមួយនោះឡើយ។ ប្រទេសចិនដែលមានទំនួលខុសត្រូវ នឹងបន្តប្រកាន់ខ្ជាប់នូវពហុភាគីនិយមដ៏ពិតប្រាកដ រួមសហការជាមួយកម្លាំងវឌ្ឍនភាពទាំងអស់ នៅលើពិភពលោកដើម្បីរួមគ្នា ស្វែងរកការអភិវឌ្ឍនិងឆ្ពោះទៅអនាគត!