(ម៉ូស្គូ)៖ រុស្ស៉ីបានវ៉ាដាច់អ៉ីរ៉ង់ ជាប់ឈ្មោះជាប្រទេសដែលកំពុងទទួលរង ការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងច្រើនបំផុតលើលោក បន្ទាប់ពីបើកការវាយប្រហារយោធាលើអ៊ុយក្រែន កាលពីជាង១០ថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២។

យោងតាមវែបសាយតាមដាន ការដាក់ទណ្ឌកម្ម កាស្តេលុម (Castellum.ai) គិតត្រឹមមុនថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ពោលគឺ២ថ្ងៃមុន ការចាប់ផ្តើមវាយប្រហារលើអ៊ុយក្រែន ទណ្ឌកម្មសរុបចំនួន ២,៧៥៤ទណ្ឌកម្ម ត្រូវបានដាក់លើរុស្ស៉ីរួចស្រេចទៅហើយ ប៉ុន្តែចាប់តាំងពី ថ្ងៃបើកប្រតិបត្តិការយោធារបស់រុស្ស៉ីនៅអ៊ុយក្រែនមក ទណ្ឌកម្មចំនួន ២,៧៧៨ ត្រូវបានដាក់បន្ថែមទៀតប្រឆាំងនឹងទីក្រុងម៉ូស្គូ ដែលនាំឱ្យចំនួនទណ្ឌកម្មសរុបដែលរុស្ស៉ី កំពុងទទួលរងកើនដល់ ៥,៥៣២ទណ្ឌកម្ម។

គួរបញ្ជាក់ថា អ៉ីរ៉ង់ដែលបានធ្លាក់ទៅលេខរៀងទី២ ជាប់ទណ្ឌកម្មចំនួន ៣,៦១៦ទណ្ឌកម្ម ហើយនៅលេខរៀងបន្តបន្ទាប់ទៀតរួមមាន ស៉ីរីដែលជាប់ ២,៦០៨ទណ្ឌកម្ម និងកូរ៉េខាងជើង ដែលជាប់ ២,០៧៧ទណ្ឌកម្ម។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានថា ការកើនឡើងយ៉ាងគំហុក នៃការដាក់ទណ្ឌកម្មអន្តរជាតិនេះ អាចត្រូវចាត់ទុកបានថាជា ទង្វើប្រកាសសង្រ្គាមជាមួយរុស្ស៉ី៕