(កៀវ)៖ ទីភ្នាក់ងារស៊ើបការយោធារបស់អ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអង្គារ៏នេះថា មេបញ្ជាការជាន់ខ្ពស់របស់រុស្ស៊ី ថ្នាក់ឧត្តមសេនីយ៏ ម្នាក់ទៀត ទើបត្រូវបានសម្លាប់នៅក្បែរទីក្រុងខាគីវ (Kharkiv)។ សរុបមក មេបញ្ជាការយោធារុស្ស៉ី២រូបហើយ ដែលត្រូវបាន

កងកម្លាំងអ៊ុយក្រែនសម្លាប់ កំលុងប្រតិបត្តិការយោធារបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២។

អាជ្ញាធរស៊ើបការណ៏សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែន បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៏ថា ឧត្តមសេនីយ៍ទោ វីលី ហ្គឺរ៉ាស់ស៊ីម៉ូវ (Vilay Gerasimov) ដែលជាមេបញ្ជាការរងទី១ នៃកងអង្គភាពទី៤១ របស់យោធារុស្ស៊ី ត្រូវបានសម្លាប់កាលពី
ថ្ងៃចន្ទសប្តាហ៏នេះ។ បើទោះបីជាយ៉ាងណា Reuters មិនអាចសុំការបញ្ជាក់ពីក្រសួងការពារជាតិរុស្ស៊ី បាននោះទេជុំវិញការអះអាង របស់អ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីចុង ខែកុម្ភៈ មេទ័ពរុស្ស៉ីម្នាក់ទៀតគឺ លោក អេនឌ្រេ ស៊ូខូវេស្គី (Andrei Sukhovesky) ដែលជាមេបញ្ជាការរង នៃកងអង្គភាពរុស្ស៊ីទី៤១ ដូចគ្នា ក៏ត្រូវកងកម្លាំងអ៊ុយក្រែនសម្លាប់បានផងដែរ។ គិតត្រឹមពេលនេះ ខាងអ៊ុយក្រែនបានអះអាងថា កងកម្លាំងខ្លួន បានផ្តាច់ជីវិតទាហានរុស្ស៊ីច្រើនជាង ១១,០០០នាក់ហើយ។ រីឯរុស្ស៉ីធ្លាប់ទទួលស្គាល់ថា ខ្លួនបាត់បង់កងទ័ពប្រហែល ៥០០នាក់។ យ៉ាងណាក្តី មិនមានការអះអាងអំពី តួលេខកងទ័ពស្លាប់ឬរបួស នៅខាងអ៊ុយក្រែននោះឡើយ៕