(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺ (CDC) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានផ្លាស់គោលដៅធ្វើដំណើរ ចំនួន៣ ឡើងទៅកាន់ប្រភេទក្រុមគោលដៅធ្វើដំណើរ ដែលមានហានិភ័យ COVID-19 កម្រិតខ្ពស់បំផុត ខណៈកន្លែងទាំងនោះ ធ្លាប់ទទួលបានការកោតសរសើរថា ជោគជ័យក្នុងការទប់ស្កាត់ ការរាលដាលជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន CNN នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២។

គោលដៅធ្វើដំណើរទាំង៣ ខាងលើ រួមមានប្រទេសថៃ នូវែលសេឡង់ និងទីក្រុងហុងកុង។ ថៃ នូវែលសេឡង់ និងហុងកុង ត្រូវបានមជ្ឈមណ្ឌល CDC អាមេរិក ចាត់បញ្ចូលទៅក្នុងបញ្ជីក្រុមគោលដៅធ្វើដំណើរ ដែលមានកម្រិតហានិភ័យទី៤ នៃ COVID-19 គឺតំបន់ដែលមានករណីឆ្លងច្រើនជាង៥០០ករណី ក្នុងចំណោមអ្នកស្រុក១០ម៉ឺននាក់ នៅរយៈពេល២៨ថ្ងៃចុងក្រោយនេះ។

កន្លងមក គោលដៅទាំង៣ ជាពិសេសទីក្រុងហុងកុង និងប្រទេសនូវែលសេឡង់ ធ្លាប់បានទទួលការកោតសរសើរ ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យស្ថិតក្នុងកម្រិតទាបមួយ។ បើទោះបីជាយ៉ាងនេះក្តី មេរោគបម្លែងថ្មីប្រភេទ អូមីក្រុង បានបង្កឱ្យប្រទេសនិងដែនដីជាច្រើន មានការឆ្លងរាលដាលខ្លាំងជាថ្មីឡើងវិញ។

គួរបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩ ក្នុងទីក្រុងហុងកុង កំពុងស្ថិតនៅចំណុចដ៏តានតឹងមួយ ដោយកន្លែងផ្ទុកសាកសព គឺជិតពេញ, មន្ទីរពេទ្យទទួលរងសម្ពាធខ្លាំង, ទំនិញនៅតាមផ្សារទំនើប ត្រូវមនុស្សម្នាប្រែប្រមូលទិញអស់ៗ ហើយការរឹតបន្តឹងយ៉ាងតឹងរឹង ត្រូវបានដាក់ទៅលើ ការធ្វើដំណើរពីបរទេស។ ដោយឡែកករណីឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសនូវែលសេឡង់ ក៏បានកើនឡើងវិញ ចំពេលដែល រដ្ឋាភិបាលនូវែលសេឡង់ ត្រៀមបើកទទួលទេសចរណ៏វ៉ាក់សាំង នៅចុងឆ្នាំនេះផងដែរ។ ជាមួយគ្នា ប្រទេសថៃកំពុងបន្តមើលឃើញ អត្រាអ្នកឆ្លងខ្ទង់ម៉ឺននាក់ និងស្លាប់រាប់សិបនាក់ ក្នុងមួយថ្ងៃ៕