(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) ទើបតែបានចេញបញ្ជាកោះហៅ កងកម្លាំង រក្សាសន្តិភាពនៃប្រទេសលោក ឱ្យត្រឡប់ពីអង្គការសហប្រជាជាតិ (UN) វិញ ដើម្បីមកជួយការពារប្រទេស ប្រឆាំងនឹងការវាយលុក របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២។

លោក អាន់ឌ្រី ស៉ីប៊ីអា (Andriy Sybiha) អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះរូបថតនៃលិខិតបទបញ្ជាខាងលើ តាមរយៈបណ្តាញសង្គម Facebook កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ លោក Sybiha បានលើកឡើងដូច្នេះថា «លោកប្រធានាធិបតី Zelensky បានធ្វើការសម្រេចចិត្តកោះហៅ កងកម្លាំងរក្សាសន្តិភាពអ៊ុយក្រែន ឱ្យត្រឡប់មកពីបេសកកម្ម UN នៅជុំវិញពិភពលោក រួមជាមួយសម្ភារៈផ្សេងៗផងដែរ ដើម្បីជួយពង្រឹងកម្លាំងរបស់យើង នៅក្នុងប្រទេសផ្ទាល់ ដែលកំពុងតទល់ជាមួយរុស្ស៉ី»

គួរបញ្ជាក់ថា ខណៈវាមិនច្បាស់ឡើយនោះ ទាក់ទងនឹងចំនួនកងកម្លាំងរក្សាសន្តិភាពអ៊ុយក្រែន ដែលចូលរួមក្នុងបេសកកម្មរបស់ UN គិតត្រឹមពេលសង្រ្គាមផ្ទុះឡើង តួលេខត្រូវគេជឿថា គឺមិនច្រើនឡើយ។ កាលពីខែកក្កដា ឆ្នាំ២០២១ យោធាអ៊ុយក្រែន ធ្លាប់បានរាយការណ៍ឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាពអ៊ុយក្រែន ចំនួន៣៣១នាក់ កំពុងចូលរួមក្នុងបេសកកម្ម UN ចំនួន៨ផ្សេងៗគ្នា នៅជុំវិញពិភពលោក៕