(វ៉ាស៊ីនតោន)៖ លោកស្រី ការ៉ែន ភើជ (karen Pierce) ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិក បានអះអាងថាប្រតិបត្តិការយោធារបស់រុស្ស៊ី

លើអ៊ុយក្រែន នឹងមិនអាចសម្រេចបាន ឬដំណើរការដូចការគ្រោងទុករបស់លោក ពូទីននោះឡើយ ខណៈកងទ័ពរុស្ស៊ីកំពុងប្រឈមមុខនឹងការវាយបក ពីកងទ័ពអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២។

នៅក្នុងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Al Jazeera នៅថ្ងៃចន្ទសប្ដាហ៍នេះ លោកស្រី ការ៉ែន បានបញ្ជាក់ដូច្នេះថា «ប្រសិនបើ ខ្ញុំកំពុងអង្គុយ ក្នុងទីក្រុងម៉ូស្គូ ហើយបើខ្ញុំជាទីប្រឹក្សារបស់លោកប្រធានាធិបតី ពូទីន, នោះខ្ញុំនឹងទទួលស្គាល់ការពិតដែលថាការឈ្លានពានលើអ៊ុយក្រែន គឺធ្វើឱ្យបណ្ដាប្រទេសកាន់តែច្រើនចង់ភ្ជាប់ទំនាក់ទំនងជាមួយអង្គការ NATO ព្រមទាំងធ្វើឱ្យទំនាក់ទំនងរវាងសមាជិក NATO នឹងកាន់តែជិតស្និទ្ធ»

គួរបញ្ជាក់ថា សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី១២ហើយ។ ប៉ុន្តែ មកទល់ពេលនេះ រុស្ស៊ីមិនទាន់បង្ហាញសញ្ញាថានឹង បញ្ឈប់ប្រតិបត្តិការយោធានៅពេលណានោះ ខណៈបណ្ដាប្រទេសលោកខាងលិចកាន់តែបង្កើនការគាំទ្រដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងទីក្រុងម៉ូស្គូ៕